(ភ្នំពេញ)៖ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងត្រូវជួបជើងខ្លាំងអាមេរិក Danielle Kelly នាព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ ដើម្បីប្រជែងខ្សែក្រវាត់ពិភពលោក ONE Atomweight នៅលើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 នៅប្រទេសសិង្ហបុរី ។

នេះគឺជាជំនួបដ៏ធំ ដែលអ្នកស្នេហាវិស័យកីឡាជឺជីតស៊ូលើពិភពលោក កំពុងចាប់អារម្មណ៍ និងរង់ចាំអ៊ុតលទ្ធផល នៃការបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE របស់កីឡាការិនីអាជីពកម្រិតពិភពលោកទាំងពីរ ពិសេសកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ដែលទើបមានវ័យ ២១ឆ្នាំ ។

ថ្លែងប្រាប់សារព័ត៌មានអន្ដរជាតិមុនការប្រកួត ខាន់ ចេសា បានបង្ហាញពីកាត្រៀមខ្លួនរួចរាល់ សម្រាប់ជំនួបដ៏សំខាន់នេះ ។ ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ២សម័យរូបនេះ សង្កត់ធ្ងន់ថា ខ្លួនធ្លាប់ឈ្នះម្ដងហើយ ដូច្នេះនាងនឹងផ្ដួល Danielle Kelly ម្ដងទៀត ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក នៃកម្មវិធី ONE Fight Night 14 នេះ ។

ទោះមានបំណងគ្រងខ្សែក្រវាត់ពិភពលោកលើសង្វៀនដ៏ធំខាងលើក្ដី តែ ចេសា ក៏មិនអាចមើលស្រាល ឬធ្វេសប្រហែស ចំពោះដៃគូដែរ ដ្បិតនាងបានទទួលស្គាល់ Danielle Kelly គឺជាជើងខ្លាំងមួយរូប ដែលមានស្នៀតពិសេសៗច្រើន ។ តែយ៉ាងណា ចេសា នៅតែជឿជាក់លើបទពិសោធន៍ប្រកួត គួបផ្សំនឹងការខំប្រឹងហ្វឹកហាត់នាពេលកន្លងមក ដើម្បីយកឈ្នះការប្រកួតនេះ ។

ចំណែកកីឡាការិនី Danielle Kelly បានលើកឡើងថា គេបានត្រៀមខ្លួនប្រមាណ ៣ខែមកហើយ ដើម្បីតតាំងជាមួយតារាឆ្នើមខ្មែរ-អាមេរិករូបនេះ ។ Kelly ទទួលស្គាល់ពីទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ ចេសា ដែលជាកីឡាការិនីវ័យក្មេង និងមានជំនាញបច្ចេកទេសបំផុតក្នុងកីឡាជឺជីតស៊ូនាពេលបច្ចុប្បន្ន ដែលអាចបង្កហានិភ័យដល់គូប្រកួតគ្រប់ពេល ។ ដូច្នេះនាងថា ការប្រកួតថ្ងៃសៅរ៍នេះ នឹងក្លាយជាការប្រកួតដ៏កក្រើកមួយ នៅប្រទេសសិង្ហបុរី ។

សូមរំឮកថា កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា ធ្លាប់បានផ្ដួលកីឡាការិនីជើងខ្លាំងអាមេរិក Danielle Kelly ក្នុងព្រឹត្តិការណ៍ “Who’s Number One” ឬ “នណារលេខ១” ដែលរៀបចំដោយស្ថាប័នកីឡា FloGrappling ម្ដងមកហើយ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២១ មុនជំនួបសងសឹកនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ ៕