(បារាំង)៖ នៅក្នុងព្រឹត្តិការណ៍ Paris Fashion Week បានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ជាពិសេសក៏មានការចូលរួម ពីសំណាក់តារាល្បីៗជាច្រើន ឲ្យចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ប្លែកៗ និងល្បីៗ ក្នុងនោះក៏មានការបង្ហាញម៉ូដ Collection ថ្មីៗពីម៉ាកសម្លៀកបំពាក់ Saint Laurent ផងដែរ។ នេះបើតាមការចេញផ្សាយ ពីគេហទំព័រ Vogue នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

មហាជនសង្កេតឃើញថា វេទិការបស់ Saint Laurent (សង់ ឡូរ៉ង់) ក៏ពោរពេញទៅដោយវត្តមានភ្ញៀវកិត្តិយសជាតារាល្បីៗ លំដាប់ពិភពលោកដូចជា Rosé (រ៉ូហ្សេ) ក្រុម Blackpink, Mark Tuan (ម៉ាក តួន) ក្រុម Got7, តារាម៉ូដែល Hailey Bieber (ហាយលី ប៊ីប៊ើ), តារាម៉ូដែល Emma Mackey (អេម៉ា ម៉េឃី), តារាម៉ូដែល Kate Moss (ខេត ម៉ូស), តារាសម្ដែង Zoë Kravitz (ហ្សូវី ក្រាវីត) និងតារាសម្ដែង Demi Moore (ដេមី ម័រ) ជាដើម។ កម្មវិធីនេះ ត្រូវបានគេដឹងថា គឺការច្របាច់បញ្ចូលគ្នារវាងស្ទីលសម្លៀកបំពាក់បុរស និងសម្លៀកបំពាក់នារីចូលគ្នាបានយ៉ាងល្អ ជាពិសេសឈុតបែប Jumpsuit (ចាំស្យូត) ដែលមានអាវនិងខោជាប់គ្នា ដោយភាគច្រើន គឺជាពណ៌បែបស្លឹកឈើក្រៀម ពណ៌ត្នោត ពណ៌ស និងពណ៌ខ្មៅ។

គួរជម្រាបថា នេះជា Show មួយទៀត ដែលគ្រប់គ្នាទន្ទឹងរង់ចាំទស្សនា ក្នុងព្រឹត្តិការណ៍ Paris Fashion Week ជាមួយម៉ាកសម្លៀកបំពាក់ប្រណិតល្បីៗ Saint Laurent (សង់ ឡូរ៉ង់) ដែលបានបង្ហាញនូវ Collection ប្រចាំរដូវផ្ការីក និងរដូវក្ដៅឆ្នាំ២០២៤ ជាស្នាដៃរបស់នាយកផ្នែកច្នៃម៉ូដ Anthony Vaccarello (អេនថូនី វ៉ាខារ៉េឡូ)៕