(ហែមបឺក)៖ ការចាប់ឆ្នោតបែងចែកពូល សម្រាប់ជុំចុងក្រោយវគ្គ ២៤ក្រុមនៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 នឹងធ្វើឡើងនាថ្ងៃទី០២ ខែធ្នូចុងឆ្នាំនេះ ដ្បិតបច្ចុប្បន្នពុំទាន់មានក្រុមណាមួយបានកក់កៅអីដោយស្វ័យប្រវត្តិនៅឡើយ ក្រៅពីអាល្លឺម៉ង់ដែលជាម្ចាស់ផ្ទះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា Live Score បានឲ្យដឹងថា សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហៅកាត់ UEFA នោះ នឹងរៀបចំកម្មវិធីចាប់ពូលនៅទីក្រុង Hamburg ជាទីតាំងមួយ ក្នុងចំណោមទីក្រុងទាំង១០ នៃប្រទេសអាល្លឺម៉ង់ ដើម្បីរៀបចំ Euro លើកទី១៧ នេះដែរ។

ក្នុងនាមក្រុមម្ចាស់ផ្ទះ ឥន្រ្តីដែកអាល្លឺម៉ង់ ស្ថិតក្នុងពូល A ដោយស្វ័យប្រវត្តិតែម្តង ក្នុងចំណោម ៤ក្រុម ទាំង ៦ពូលសរុប ដ្បិត ២៣ក្រុម (ប្រទេស) បានកំពុងប្រកួតប្រជែងសន្សំពិន្ទុទាំង ១០ពូលយ៉ាងស្វិតស្វាញ។ ក្រុមលេខ១ និងលេខ២ តាមពូល នឹងទទួលបានកៅអីសម្រាប់ជុំចុងក្រោយ។ ក្រោយឆ្លងកាត់ជម្រុះជុំទី១ នឹងរកបាន ២១ក្រុម រួមទាំងម្ចាស់ផ្ទះអាល្លឹម៉ង់ផងនោះ មានកៅអីលេងពាន Euro 2024 ខណៈ ៣ក្រុមទៀត គឺត្រូវឆ្លងកាត់ជម្រុះក្នុងជុំទី២ ជាបន្តទៀតនាខែមីនា ឆ្នាំ២០២៤ ដោយមាន ១២ក្រុមដែលធ្វើបានល្អនៅពាន Nations League រដូវកាលឆ្នាំ២០២២-២០២៣។

អាសូរីអ៉ីតាលី ជាក្រុមការពារតំណែងជើងឯក ដែលពួកគេបានឈ្នះពាន ៤ឆ្នាំម្តងនេះជាលើកទី២ របស់ខ្លួនកាលពី ២ឆ្នាំមុននៅប្រទេសអង់គ្លេស ក្រោយពេលយកឈ្នះក្រុមម្ចាស់ផ្ទះតោកំណាច ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនៅកីឡដ្ឋាន Wembley៕