(ភ្នំពេញ)៖ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីវេចនំអន្សមបុណ្យភ្ជុំទ្រូវីហ្សិន។ កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងរំលឹក បង្កើនសាមគ្គីភាព បំផុសស្មារតីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដល់យុវជនជំនាន់ក្រោយ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងកម្មវិធីនេះ ក៏ឃើញមានការចូលរួមលើកទឹកចិត្តពី សំណាក់ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត អ៉ឹម កុច និងលោក ជួន ជីវីន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងបរិយាកាសដ៏សែនរីករាយ។

បណ្ឌិត សេង បូណា បានថ្លែងថា ការរៀបចំកម្មវិធីវេចនំអន្សមនេះ គឺមានសារៈសំខាន់ និងសារៈប្រយោជន៍ខ្លាំងបំផុត ក្នុងការបណ្តុះទម្លាប់វប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើងទៅដល់សិស្សានុសិស្ស ពី១ជំនាន់ ទៅ១ជំនាន់ ឲ្យពួកគាត់ចូលរួមថែរក្សាកេរ្ត៍ដំណែលតាំងពីបុរាណកាលមក។ លោកបន្តថា សាលារៀន ត្រូវបង្កើតទម្លាប់ល្អៗ ទាំងទម្លាប់ប្រពៃណី ទម្លាប់សីលធម៌រស់នៅ និងទម្លាប់នៃការប្រឹងប្រែងសិក្សារបស់សិស្សានុសិស្ស។

សូមបញ្ជាក់ជូនថា ការរៀបចំកម្មវិធីវេចនំអន្សមបុណ្យភ្ជុំទ្រូវីហ្សិន នឹង ជួយឲ្យសិស្សានុសិស្សមិនភ្លេច និង បន្តចូលរួមការពារប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយនោះ។
ព័ត៌មានបន្ថែម: http://truevisions.edu.kh/en-us/
Facebook Page: True VISIONS International School of Cambodia
ទំនាក់ទំនង: ០១២ ៣០៣ ១៨៨ និង ០១៧ ៣៦១ ៦៦៩ ៕