(ខាឌីស)៖ បញ្ហារបួសជង្គង់ស្តាំរបស់ប្រធានក្រុម Aaron Ramsey ទាមទាររយៈពេល ៣សប្តាហ៍ដើម្បីព្យាបាលផងនោះ បានក្លាយជាមន្ទិល និងកង្វល់ដល់ក្រុមជម្រើសជាតិវ៉េល ដែលត្រូវប៉ះក្រុមមិនទាន់ចាញ់ក្រូអាត ក្នុងប្រកួតជម្រុះ Euro 2024 នាខែក្រោយ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា Ramsey ដែលលេងក្នុងតំបន់បម្រើ បានរងរបួសជង្គង់ខាងស្តាំ នៅអំឡុងពេលហ្វឹកហាត់ជាមួយ Cardiff City នាពេលថ្មីៗ ដ្បិតក្លិបក្នុងស្រុកមួយនេះ ក៏បានទន្ទឹងរង់ចាំពីលទ្ធផល Scan របស់គេដែរ។

លោក Erol Bulut គ្រូបង្វឹក Cardiff បានថ្លែងថា «ក្នុងពេលហ្វឹកហាត់កាល ២ថ្ងៃមុន Ramsey បានជួបបញ្ហារបួស ជាមួយវេជ្ជបញ្ជាឲ្យសម្រាករយៈពេល ៣សប្តាហ៍ផងដែរ ដើម្បីព្យាបាល។ វាគឺជារបួសជង្គង់ស្តាំ ជាកន្លែងចាស់ដែលគាត់ធ្លាប់ជួបប្រទះជាច្រើនឆ្នាំមកហើយ។ ខ្ញុំសង្ឃឹមថា ពួកយើងអាចមានវត្តមានគាត់ត្រឡប់មកវិញ ក្រោយពេលបញ្ចប់លេងឲ្យជម្រើសជាតិ»

យ៉ាងនេះក្តី តាមរយៈជ័យជម្នះក្រៅដី ២-០ ទៅលើម្ចាស់ផ្ទះឡាវីនាដើមខែកញ្ញានេះ បានធ្វើឲ្យវ៉េលអតីតក្រុមឡើងដល់វគ្គ ៤ក្រុមចុងក្រោយកាល Euro 2016 នៅបារាំងនោះ ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងពូល D ជាបណ្តោះអាសន្ន ដោយចាញ់ប្រៀបក្រុមកំពូលតារាងតួកគី និងក្រូអាត ៣ពិន្ទុ។ ពួកគេត្រូវការលទ្ធផលវិជ្ជមានដាច់ខាត ក្នុងប្រកួតដែលនៅសល់ ជាពិសេសទល់នឹងក្រូអាត នាថ្ងៃទី១៥ ខែតុលា ដើម្បីបន្តក្តីសង្ឃឹមទៅប្រទេសអាល្លឺម៉ង់នាឆ្នាំក្រោយ៕