(បាសេឡូណា)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ក្រុមប៉ូលិសអេស្ប៉ាញបានឆ្មក់ចូលឆែកឆេរដល់ក្នុងការិយាល័យគណៈកម្មាធិការអាជ្ញាកណ្តាលបាល់ទាត់នៃប្រទេសនេះ ជាផ្នែកមួយនៃបេសកកម្មស៊ើបអង្កេតករណីពុករលួយដែលបង្កឡើងដោយក្លិបអ្នកមានបុណ្យ FC Barcelona។

ការចំណាយខុសខ្ទង់នេះ ត្រូវបានធ្វើឡើងរវាង Barcelona និងលោក Jose Maria Enriquez Negreira ដែលត្រូវបានបែកធ្លាយកាលខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈការចេញផ្សាយដោយវិទ្យុប្រចាំតំបន់គឺ Ser Catalunya។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា។

យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ ក្រុមប៉ូលិសមិនទាន់ប្រាប់ឲ្យដឹងពីលទ្ធផលនៃការបេសកកម្មនេះទេ ស្របពេល Barcelona នៅតែប្រកាន់ជំហរថា មិនបានប្រព្រឹត្តរឿងទាំងអស់នេះទេ បើទោះបីជាសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ក៏បានបើកការស៊ើបអង្កេតរឿងនេះដែរ។

BBC Sport ក៏បានរាយការណ៍មកថា ការកាត់ក្តីអាចដំណើរការទៅបាន វាអាស្រ័យមានឯកសារ និងភស្តុតាងគ្រប់គ្រាន់ពី CTA (Technical Committee of Referees) ដោយគិតមកដល់ពេលនេះ ពុំមានមន្រ្តីពាក់ព័ន្ធណាមួយត្រូវបានចាប់ខ្លួននោះទេ អំឡុងការស្រាវជ្រាវនៅទីក្រុង Madrid។

នៅចាំបានថា Barcelona បានចំណាយទឹកប្រាក់ប្រមាណ ៧.៤លានផោន ទៅឲ្យលោក Negreira អតីតអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលអេស្ប៉ាញ និងក្រុមហ៊ុនរបស់លោកគឺ Dasnil 95 ដែលត្រូវបានស៊ើបអង្កេតករណីបង់ពន្ធផងដែរ៕