(ឡុងដ៍)៖ ក្រុមហ៊ុនវិនិយោគលើវិស័យកីឡា Dynasty Equity បានទិញភាគហ៊ុនភាគតិច នៅក្នុងក្លិប Liverpool ដែលតម្លៃចន្លោះពី ៨២លានផោនទៅ ១៦៤លានផោន ពីម្ចាស់ភាគហ៊ុន Fenway Sports Group (FSG) របស់ក្លិបនេះ កំពុងលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា ភាគហ៊ុនភាគតិចនោះ ត្រូវបានលក់តម្លៃចម្លោះពី ១០០លាន ទៅប្រមាណ ២០០លានដុល្លារអាមេរិក។

ក្រុមហ៊ុន FSG បានឲ្យដឹងថា ទឹកប្រាក់ដែលវិនិយោគនេះ ភាគច្រើននឹងត្រូវយកទៅប្រើប្រាស់ ដើម្បីសងបំណុល ដែលជួបប្រទះអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការចំណាយលើការពង្រីកសមត្ថភាពកីឡដ្ឋាន Anfield និងការចំណាយលើការសាងសង់មជ្ឈមណ្ឌលហ្វឹកហាត់ ក៏ដូចជាការចំណាយទិញមកវិញនូវទីលានហ្វឹកហាត់ Melwood រួមទាំងការផ្ទេរកីឡាករក្នុងរដូវក្តៅ៕