(ហាន់ចូវ)៖ អត្តពលិកកម្ពុជា ៣ប្រភេទកីឡា នឹងបន្ដការប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាចម្រុះ ប្រចាំទ្វីបអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្នុងនោះកីឡាគ្រិកឃីត និងបាល់បោះ ត្រូវប្រកួតបិទពូលរៀងៗខ្លួន ស្របពេលកីឡាអត្តពលកម្ម (រត់ប្រណាំង) ទើបចាប់ផ្ដើមប្រកួតថ្ងៃដំបូង។

សម្រាប់ក្រុមកីឡាគ្រិកឃីតកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ កំពុងធ្វើការប្រកួតទល់នឹងហុងកុង។ នេះគឺជាការប្រកួតបញ្ចប់ពូល B របស់ក្រុមគ្រិកឃីតកម្ពុជា បន្ទាប់ពីប្រកួតបើកឆាកចាញ់ជប៉ុន ៣គ្រាប់ (3 Wickets) ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ១២៥-៧ (20 Overs) -១២៦-៧ (18.1 Overs)។

ការប្រកួតថ្ងៃនេះ កម្ពុជាត្រូវការឈ្នះហុងកុង ដើម្បីមានឱកាសអ៊ុតកៅអីវគ្គបន្ដ បន្ទាប់ពីការប្រកួតបញ្ចប់ពូលរវាងជប៉ុន និងហុងកុង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ ប៉ុន្ដែបើសិនក្រុមគ្រិកឃីតកម្ពុជា បន្ដចាញ់ថ្ងៃនេះទៀត នឹងអស់ឱកាសតែម្ដង។

ចំណែកក្រុមបាល់បោះជម្រើសជាតិកម្ពុជាវិញ នឹងត្រូវបញ្ចប់ការប្រកួតពូល D លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ ជាមួយក្រុមខ្លាំងកាតា។ នេះគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចសម្រាប់កម្ពុជាប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៣លើកកន្លងមក ឈ្នះ១ និងចាញ់២ ឈរលេខ៤ ក្នុងពូលជាបណ្ដោះអាសន្ន។

រីឯអត្តពលិកកីឡាអត្តពលកម្ម ដែលត្រូវបើកយុទ្ធនាការប្រកួតកីឡាអាស៊ីថ្ងៃនេះ រួមមានកីឡាករ ប៉ែន សុគង់, ណឹប ច័ន្ទយូរ៉ុង និងកីឡាការិនី សាង លីដា ត្រូវប្រកួតវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ ក្នុងវគ្គជម្រុះដូចគ្នា៕