(បរទេស)៖ បន្ទាប់ពីព្យុះភ្លៀងមួយរយៈធំស្ទើរតែបាត់ក្រុមហ៊ុនពីទីផ្សារពិភពលោក ពេលនេះនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន X លោកស្រី Linda Yaccarino បានឱ្យដឹងថា នៅដើមឆ្នាំ២០២៤ ខាងមុខនេះ នឹងអាចទាញយកប្រាក់ចំណេញបានមកវិញហើយ ក្រោយអ្នកផ្សាយពាណិជ្ជកម្មជាច្រើនរបស់ខ្លួនត្រឡប់មកកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម X វិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

X គឺជាអតីតក្រុមហ៊ុនដើមឈ្មោះ Twitter ដែលត្រូវបានទិញយកក្នុងតម្លៃ ៤៤ពាន់លានដុល្លារដោយកំពូលមហាសេដ្ឋីលោក Elon Musk កាលពីអំឡុងខែតុលា ឆ្នាំ២០២២កន្លងទៅ។ ប៉ុន្តែការទិញយកនេះ Musk មិនកាន់តំណែងជា CEO នោះទេក្រោយជួបការមិនពេញចិត្តពីសំណាក់អតិថិជន នឹងត្រូវបានប្រគល់តំណែងនោះទៅលោកស្រី Linnda Yaccarino ឱ្យមើលការខុសត្រូវជំនួសវិញ។

យ៉ាងណាមិញក្នុងអំឡុងពេល Musk កាន់តំណែងជា CEO ក្រុមហ៊ុនផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter បានរុះរើរចនាសម្ព័ន្ធស្ទើរតែទូទាំងក្រុមហ៊ុន ដោយក្នុងនោះរួមមានការបញ្ឈប់បុគ្គលិក ដែលសូម្បីតែអតីត CEO Twitter រួមទាំងបិទផ្នែកមួយចំនួនដោយហេតុផលកាត់បន្ថយចំណាយជាដើម។ បន្ទាប់មកអ្នកផ្សព្វផ្សាយពាណិជ្ជកម្មធំជាច្រើននៅលើ X បានសម្រេចចិត្តបញ្ឈប់ការដាក់ផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដែលបណ្តាលឱ្យ X ជួបវិបត្តិជាខ្លាំងស្ទើរតែបាត់ក្រុមហ៊ុន នឹងបង្ខំចិត្តឱ្យ Musk លក់ភាគហ៊ុនមួយចំនួនរបស់ខ្លួននៅ Tesla ដើម្បីយកមកទប់ចំណាយនៅ X។

តែយ៉ាងណាក្រោយពី X ព្យាយាមស្ងប់ស្ងាត់មួយរយៈ របាយការណ៍ចុងក្រោយនេះពីលោកស្រី Linda Yaccarino បានបង្ហាញខ្លួននៅក្នុងសន្និសីទកូដមួយរបស់ Vox Media ដោយលើកឡើងថា អ្នកផ្សាយពាណិជ្ជកម្មប្រហែល ១,៥០០ នាក់បានត្រឡប់ទៅកាន់ភ្លេតហ្វមបណ្តាញផ្សព្វផ្សាយវិញហើយក្នុងរយៈពេល ១២សប្តាហ៍ចុងក្រោយនេះ។ លោកស្រីគូសបញ្ជាក់ទៀតថា ខ្ទង់ ៩០ភាគរយនៃអ្នកផ្សាយពាណិជ្ជកម្មកំពូលទាំង ១០០ភាគរយរបស់ X បានត្រឡប់មកវិញហើយ។

ដូច្នេះយ៉ាងយូរត្រឹមដើមឆ្នាំ២០២៤ ខាងមុខនេះ X នឹងអាចទាញយកប្រាក់ចំណេញបានមកវិញ ថែមទាំងអាចដោះបំណុលខ្ទង់រាប់លានដុល្លារដែលកំពុងប្រឈមនឹងការប្តឹងផ្តល់មិនព្រមបង់ថ្លៃជួលការិយាល័យបានថែមទៀតផង៕