(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបិទកម្មវិធី Google Podcasts របស់ខ្លួននៅដើមឆ្នាំ២០២៤ ខាងមុខនេះ ដោយងាកទៅពង្រឹងនៅលើកម្មវិធី YouTube ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

Google Podcasts ត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងឆ្នាំ២០១៨ នឹងបានក្លាយជាជម្រើសកម្មវិធីស្តាប់តន្រ្តី Podcasts ដ៏ពេញនិយមនៅលើឧបករណ៍ Android។ ក្រោយដាក់ដំណើរការបានរយៈពេល ២ឆ្នាំ គិតត្រឹមឆ្នាំ២០២០ Google ក៏ចាប់ផ្តើមបញ្ចេញកម្មវិធីតន្ត្រីនេះទៅលើ Website និងទៅលើប្រព័ន្ធប្រតិប្តតិការ iOS។

តែយ៉ាងណាកម្មវិធីនេះហាក់មិនសូវទទួលបានការគំាទ្រខ្លាំងដូចទៅនឹងកម្មវិធី Podcasts ផ្សេងទៀតដូចជា Spotify និង Apple Podcasts នោះទេ បើតាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះ ដូច្នេះហើយទើប Google សម្រេចបញ្ចប់កម្មវិធីនេះតែម្តង។

ម្យ៉ាងវិញទៀតបើមើលទៅលើកម្មវិធី YouTube Music គឺជាទិសដៅដ៏ពេញនិយមសម្រាប់អ្នកគាំទ្រ Podcasts រួចទៅហើយ។ នៅឡែកក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២៣នេះ YouTube Music បានចាប់ផ្តើមគាំទ្រមុខងារ Podcasts នៅសហរដ្ឋអាមេរិកជាលើកដំបូង ហើយការគាំទ្រនេះគ្រោងពង្រីកជាសកលនៅចុងឆ្នាំនេះបន្ថែមទៀតទៅទូទាំងសកលលោក។

យោងតាមរបាយការណ៍ចេញផ្សាយពី Google បានគូសបញ្ជាក់ថា គិតត្រឹមការដាក់ដំណើរការ Podcasts នៅលើ YouTube ចំនួនអ្នកប្រើប្រាស់សរុបបានកើនឡើងដល់ ២៣ភាគរយឯណោះ ខណៈដែលអ្នកជ្រើសរើសប្រើប្រាស់ Google Podcasts មានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ៕