(ភ្នំពេញ)៖ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ស្ថិតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ASIAN GEMES នៅប្រទេសចិន គឺមានអជ្ញាកណ្តាលស្ត្រីរបស់កម្ពុជា ២រូបបានចូលរួមកាត់ក្តីការប្រកួតរួមមានកញ្ញា ជា ថារី ជាចៅក្រមដាក់ពិន្ទុលើប្រភេទកីឡាការ៉ាតេ និងកញ្ញា ប្លុង ពេជ្រអក្ខរ៉ា ជាអាជ្ញាកណ្ដាលកាត់ក្ដី ក្នុងការប្រកួតបាល់ទាត់ផ្នែកនារី។

NOCC បានឲ្យដឹងថា កញ្ញា ជា ថាវី ជាគ្រូបង្វឹកកីឡាការ៉ាតេរបស់សមាគមន៍ក្រសួងមហាផ្ទៃ និងជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអាស៊ី (Referee Commission) និងកញ្ញា ប្លុង ពេជ្រអក្ខរ៉ា បានជាប់ជាអាជ្ញាកណ្តាលខ្មែរពីររូប ទៅកាត់ក្តីក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅចិន។

កញ្ញា ជា ថារី គឺជាចៅក្រមដាក់ពិន្ទុលើប្រភេទកីឡាការ៉ាតេ ហើយកញ្ញា ពេជ្រអក្ខរ៉ា ជាអាជ្ញាកណ្ដាលអន្ដរជាតិ FIFA ត្រូវបានជ្រើសជាអាជ្ញាកណ្ដាលកាត់ក្ដី ក្នុងការប្រកួតបាល់ទាត់នារី។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្តថា ស្ដ្រីកម្ពុជា ២រូបនេះ ត្រូវបានអន្ដរជាតិទទួលស្គាល់លើសមត្ថភាព និងជំនាញលើកីឡាផ្សេងពីគ្នា ប៉ុន្ដែពួកគេមានចំណុចដូចគ្នានោះ គឺការប្រឹងប្រែង និងមានគោលដៅច្បាស់លាស់ដូច។ កញ្ញា ជា ថារី បានចំណាយពេលវេលា ២២ឆ្នាំក្នុងវិស័យកីឡាការ៉ាតេ ដោយគិតចាប់ពីឆ្នាំ២០០១ មកទល់ពេលនេះ។

ដោយឡែក កញ្ញា ថារី ប្រើពេល ៧ឆ្នាំចុងក្រោយនោះ ជាអាជ្ញាកណ្ដាល ដោយបានប្រឹងប្រែងហ្វឹកហាត់ រៀនវគ្គបណ្ដុះបណ្ដាលនានា ដើម្បីចូលរួមប្រឡងទទួលសញ្ញាប័ត្រ ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី។

ជាមួយគ្នានេះ យោងតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ មានអត្តពលិកកម្ពុជា ៥ប្រភេទកីឡា បានបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដោយពុំទទួលបានមេដាយនោះទេ រួមមានកីឡាហែលទឹក, តេក្វាន់ដូ WT, យូដូ, គុនដាវ និងកីឡាបាល់ទះបុរសក្នុងសាល ។

រីឯក្រុមបាល់បោះកម្ពុជា បានស្គាល់ជ័យជម្នះលើកដំបូងក្នុងពូល D ក្រោយយកឈ្នះក្រុមគៀហ្ស៊ីគីស្ថាន ១៧-១៥ពិន្ទុ កាលពីម្សិលមិញ មុនបន្ដប្រកួតបញ្ចប់ពូល D ជាមួយក្រុមខ្លាំងកាតា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែក៕