(ភ្នំពេញ)៖ ធនាគារប្រ៊ីដ បានសហការជាមួយ បុរីវិមានភ្នំពេញ ដើម្បីអនុញ្ញាតឱ្យអតិថិជនងាយស្រួលស្នើកម្ចីឥណទានទិញផ្ទះជាមួយធនាគារ ក្នុងអត្រាការប្រាក់ពិសេស ។

កិច្ចសហការនេះ បានធ្វើឡើង តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា​រវាងធនាគារប្រ៊ីដ និងបុរីវិមានភ្នំពេញដែលជាគម្រោងលំនៅដ្ឋានសាងសង់ឡើងដោយ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៊ិន វិមានភ្នំពេញ ឯ.ក ​នាថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២៣នេះ។កម្មវិធីនេះធ្វើឡើងដោយមានអ្នកចូលរួម ពីសំណាក់អគ្គនាយកប្រតិបត្តិអ្នកគ្រប់គ្រង និងភ្ញៀវកិត្តិយស តំណាងដោយក្រុមហ៊ុនទំាងពីរភាគី។

ការចុះកិច្ចសហប្រតិបត្តិការនេះមានអត្ថប្រយោជន៍ច្រើនដល់អតិថិជនគោលដៅ ដែលពួកគាត់អាចដាក់ ពាក្យកម្ចីបានងាយស្រួល ក្នុងការទិញផ្ទះពីបុរីវិមានភ្នំពេញ។

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានឱ្យដឹងថា អតិថិជនដែលមានបំណងចង់ទិញផ្ទះថ្មី ប៉ុន្តែគ្មានលុយគ្រប់គ្រាន់ ក៏អាចទិញផ្ទះថ្មី ដើម្បីបំពេញបំណងប្រាថ្នាដែលខ្លួនចង់បាន និងប្រឹក្សាជាមួយអ្នកជំនាញផ្នែកលក់ពីខាងបុរីវិមានភ្នំពេញ និងជាមួយធនាគារពាណិជ្ជប្រ៊ីដ។

លោក Richard Liew បានបញ្ជាក់ថា«ធនាគារពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនង និងចុះកិច្ចអនុស្សរណៈយោគយល់លើការផ្តល់ជូនឥណទានគេហដ្ឋាន ជាមួយអតិថិជនរបស់បុរីវិមានភ្នំពេញ។ ការចុះកិច្ចសហប្រតិបត្តិការនេះ គឺជាសមិទ្ធផលរបស់ធនាគារប្រ៊ីដ ក្នុងការផ្តល់ជូនកម្ចីទិញគេហដ្ឋានក្នុងតម្លៃសមរម្យដែលអតិថិជនអាចទទួលបានកម្ចីរហូតដល់ទៅ៨០ ភាគរយនៃតម្លៃផ្ទះ និងរយៈពេលកម្ចីបានរហូតដល់ទៅ២៥ឆ្នំា ជាមួយនឹងអត្រាការប្រាក់ពិសេស។ បន្ថែមលើសពីនេះ រាល់អតិថិជនដែលទទួលបានកម្ចីពីធនាគារ ពួកគាត់នឹងទទួលបានកាតសមាជិកដែលមានតម្លៃរហូតដល់៦០០ដុល្លារ សហរដ្ឋអាមេរិក ដើម្បីទូទាត់ជាមួយដៃគូអាជីវកម្មរបស់ធនាគារប្រ៊ីដ»។

លោក មឿង រដ្ឋា នាយកប្រតិបត្តិ នៃបុរី វិមានភ្នំពេញ បានលើកឡើងថា ​ការចុះកិច្ចសហប្រតិបត្តិការនេះពិតជាសំខាន់ នៅក្នុងការផ្តល់ជូនកម្ចីឥណទានជូនអតិថិជនដែលមានបំណងចង់បានផ្ទះក្នុងក្តីស្រម៉ៃរបស់ពួកគេ មិនថាគេចង់ទិញសម្រាប់រស់នៅ ឬ ប្រកបអាជីវកម្មក៏ដោយ។ ហើយបុរី វិមានភ្នំពេញគឺរីករាយដែលបានសហការជាមួយធនាគារប្រ៊ីដ លើកម្ចីទិញគេហដ្ឋាន៕