(បរទេស)៖ កន្លងទៅតារាចម្រៀងល្បីឈ្មោះសញ្ជាតិកូឡុំប៊ី Shakira ធ្លាប់ត្រូវបានរដ្ឋអាជ្ញាអេស្ប៉ាញ ចោទប្រកាន់ម្តងរួចហើយ ពីបទគេចពន្ធលើប្រាក់ចំណូល ដែលនាងរកបានពីការប្រគំតន្ត្រីទេសចរណ៍ «EL Dorado World Tour» ខណៈរឿងចាស់មិនទាន់បញ្ចប់ ស្រាប់តែរឿងថ្មីមកដល់បន្ថែមទៀត ពោលគឺរដ្ឋអាជ្ញាអេស្ប៉ាញបានបើកការស៊ើបអង្កេត លើកទីពីរនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែទើបតែបានចេញផ្សាយព័ត៌មានលម្អិត កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ។ ប្រការនេះធ្វើឲ្យ Shakira ត្រូវរដ្ឋាភិបាលអេស៉្បាញចោទប្រកាន់ជាលើកទី២ ក្នុងបទល្មើសគេចពន្ធ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

បណ្តាញអេស្ប៉ាញ RTVE និយាយថា តារាចម្រៀងវ័យ ៤៦ឆ្នាំរូបនេះ ដឹងពីការចោទប្រកាន់ថ្មីនេះ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា ក្រុមមេធាវីរបស់ Shakira នៅ Miami ជាកន្លែងដែលនាងរស់នៅបច្ចុប្បន្ន មិនទាន់មានប្រតិកម្មណាមួយឡើយ។ ផ្ទុយទៅវិញ Shakira និងមេធាវីរបស់នាង ត្រូវបានគេដឹងថា កំពុងផ្តោតលើការរៀបចំឯកសារនានា សម្រាប់ការកាត់ក្តី សម្រាប់ឆ្នាំសារពើពន្ធចាស់ ពោលគឺចាប់ពីឆ្នាំ២០១២ ដល់២០១៤ ដែលនឹងចាប់ផ្តើមសវនាការនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមអ្វីដែលពួកគេបានប្រាប់ Reuters នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ការចោទប្រកាន់ថ្មីនេះ ត្រូវបានគេដឹងថា ផ្អែកលើការពិតដែល Shakira រស់នៅក្នុងទីក្រុង Barcelona អំឡុងឆ្នាំ២០១៨ ជាមួយតារាបាល់ទាត់ Gerard Pique ហើយដូច្នេះត្រូវបានតម្រូវឲ្យបង់ពន្ធ លើប្រាក់ចំណូលអន្តរជាតិទាំងអស់ របស់នាងនៅទីនោះ។ តែយ៉ាងណា រហូតមកទល់នឹងពេលនេះ រឿងរ៉ាវក្តីក្តាំរបស់នាង ជាមួយរដ្ឋាភិបាលអេស្ប៉ាញយ៉ាងណានោះ នៅមិនទាន់ចេញសេចក្តីសម្រេចនៅឡើយ ខណៈ Shakira នៅតែប្រកាន់ជំហរថា ខ្លួនពិតជាមិនបានធ្វើខុសនឹងច្បាប់ របស់ប្រទេសអេស្ប៉ាញ៕