(ភ្នំពេញ)៖ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក (បុរី វិមានភ្នំពេញ) និងក្រុមហ៊ុន លី ហួរ អ៉ិនសួរេន ម.ក បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធី «ផ្តល់ឈាមស្ម័គ្រចិត្ត សង្គ្រោះជីវិត»

ពិធីនេះក្រោមអធិបតីភាពលោកឧកញ៉ា លី សុវណ្ណតារា លោក មឿង រដ្ឋា នាយកប្រតិបត្តិ បុរី វិមានភ្នំពេញ និងលោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមព្រមទាំងក្រុមការងារ និងបុគ្គលិកស្ម័គ្រចិត្តផ្ដល់ឈាមជាង ១០០នាក់ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ស្ថិតនៅអគារ លី ហួរ គ្រុប សាលជាន់ផ្ទាល់ដី។

ថ្លែងអរគុណទៅកាន់បុគ្គលិកចូលរួមប្រមាណ ១០០នាក់ លោក មឿង រដ្ឋា បានបញ្ជាក់ថា នេះជាកម្មវិធីមនុស្សធម៌ដែលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ បានចូលរួមចំណែកជួយសង្គ្រោះដល់អ្នកជំងឺដែលកំពុងត្រូវការឈាមដើម្បីបន្តជីវិត។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានលើកឡើងថា បច្ចុប្បន្នយើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង ២៥០ ទៅ ៣០០ប្លោក នៅរាជធានីភ្នំពេញ ស្របពេលតម្រូវការទូទាំងប្រទេសមានជិត១០ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗ ជិត២០%។

លោកស្រីបានបន្តទៀតថា ការបរិច្ចាគឈាមពិតជាមានអត្ថប្រយោជន៍ណាស់ដល់សុខភាពមានដូចជា៖

*កាត់បន្ថយជម្ងឺមហារីកនានា
*កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹងក្នុងចិត្ត
*កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល
*កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើម និងលំពែង
*ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង និងកាត់បន្ថយការឡើងទម្ងន់
*មោទនភាពដែលបានរួមចំណែកជាមួយការងារសង្គមជាតិក្នុងសកម្មភាពមនុស្សធម៌ប្រកបដោយសុឆន្ទៈក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ។

ជាលទ្ធផលមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជាទទួលបានឈាម ៧៣សាក់ ឬ៧៣នាក់ ក្នុងនោះមានស្រីចំនួន ១៣នាក់ ពីយុទ្ធនាការមួយនេះ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកដ៏សំខាន់ជួយដល់សង្គម ជាពិសេស ជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការឈាម ដើម្បីសង្គ្រោះជីវិត ហើយនេះជាការជួយគ្នាទៅវិញទៅមក ដែលគ្រប់មនុស្សជាតិទាំងអស់គួរធ្វើជាចាំបាច់។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក តែងប្រារព្ធឡើងដោយមានអ្នកចូលរួមកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ៕

https://www.facebook.com/BoreyVimeanPhnomPenh