(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់ចំពោះការសិក្សារបស់សិស្ស សាលារៀនអារីហ្សូន ដែលជាសាលាចំណេះទូទៅ ៣ភាសា ដែលផ្តល់ជូននូវកម្មវិធីសិក្សាដ៏សម្បូរបែប រួមមាន៖ កម្មវិធីសិក្សាជាតិ កម្មវិធីសិក្សា ៣ភាសា(ខ្មែរ សឹង្ហបុរី និងភាសាចិន) កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ និងប្រគល់វិញ្ញាបនបត បញ្ចប់ការសិក្សាគ្រប់កម្រិតប្រចាំឆ្នាំសិក្សា២០២២- ២០២៣។

ពិធីបើកបវសនកាលថ្មីឆ្នាំសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាចាស់នេះ បានធ្វើឡើងក្រោមវត្តមានឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ សា្ថប័នអប់រំអេជី ដែលមានសាលាអន្តរជាតិ ហ្គេនម៉ោន និងសាលារៀនអារីហ្សូន ជាបុត្រសម្ព័ន្ធ និងលោកស្រី ទា ដាវី ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងទាំងពីរកម្រិត បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃស្ថាប័នអប់រំ អេជី រួមទាំងមានការចូលរួមពីភ្ញៀវកិត្តិយស និងសិស្សានុសិស្សយ៉ាងច្រើននាក់ផងដែរនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC)។

លើកឡើងនាឱកាសនោះឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានឱ្យដឹងថា ការៀបចំពិធីដ៏មានសារសំខាន់នេះឡើងក្នុងគោលបំណងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សានុសិស្សឆ្នាំសិក្សា២០២២-២០២៣ និងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ របស់ សាលារៀនអារីហ្សូនសាខារាជធានីភ្នំពេញ និងដើម្បីពង្រឹងគុណភាពអប់រំ និងការផ្សព្វផ្សាយរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការផលិតធនធានមនុស្សប្រកបដោយសក្តានុពល និងបង្ហាញពីសមិទ្ធផលរបស់សាលាឱ្យបានទូលំទូលាយ។

ពិធីនេះដែរ ក៏ដើម្បីបង្ហាញពីការយកទុកចិត្តដាក់របស់គណៈគ្រប់គ្រងសាលាដល់សិស្សានុសិស្ស និងបង្កើនទំនាក់ទំនងរវាងមាតាបិតា អ្នកអាណាព្យាបាលសិស្សនិងជាមួយសាលា និងជាការលើកទឹកចិត្តដល់សិស្សឱ្យកាន់តែខិតខំសិក្សាបន្ថែមទៀត ដើម្បីពង្រឹងវិសាលភាពរបស់ស្ថាប័នអប់រំអេជី ក៏ដូចជាធ្វើឱ្យសិស្សមានភាពសប្បាយរីករាយក្នុងការរៀនសូត្រ និងបង្កើតទំនាក់ទំនងល្អទៅកាន់សង្គមខាងក្រៅ។

ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានបន្ថែមថា នេះជាលើកទី២៧ហើយ បើគិតពីឆ្នាំ១៩៩៦ មកទល់ថ្ងៃនេះ ក្នុងរៀបចំពិធីបើកបវសនកាលថ្មីឆ្នាំសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្រដល់សិស្ស។ បច្ចុប្បន្ននេះសាលារៀនអារីហ្សូន មានសិស្សចំនួន ៨០៩៧ នាក់ មាន៩ សាខារាជធានី ខេត្ត ហើយសាលាបានបង្កើតកម្មវិធីជាច្រើន ហើយមានអតិថិជន ក៏ដូចជាអាណាព្យាបាលជាច្រើនចូលរួមផងដែរ។

ឧកញ៉ាវេជ្ជបណ្ឌិត បានបន្ថែមថា ផ្អែកលើផែនការយុទ្ធសាស្ត្រ ១០ឆ្នាំ (២០២៣-២០៣៣) របស់ស្ថាប័នអប់រំ អេជី សាលាមានគម្រោងពង្រីកសាខាទូទាំងរាជធានី ជាក់ស្ដែងថ្មីៗនេះកំពុងតែបង្កើតសាខាថ្មី ដែលមានទំហំដីជិត១ហិតា ដែលមាន អាគារចំនួន៤ បំពាក់ដោយសម្ភារៈបរិក្ខាររូបវ័ន្តសម្បូរបែបស្ថិតនៅដីឡូរលេខ ២ ផ្លូវជាតិលេខ ៥ ភូមិស្ពាន ខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ដែរថា សាលារៀន អារីហ្សូន គឺជាសាលាចំណេះទូទៅ ៣ភាសា ដែលផ្តល់ជូននូវកម្មវិធីសិក្សាដ៏សម្បូរបែប រួមមាន៖ កម្មវិធីសិក្សាជាតិ កម្មវិធីសិក្សា ៣ភាសា(ខ្មែរ សឹង្ហបុរី និងភាសា ចិន) កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ និងកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់គោលបំណងជាក់លាក់ផងដែរ។ យើងផ្តោតសំខាន់ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានទាំងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ព្រមទាំងបណ្តុះស្មារតីសិស្សានុសិស្សឱ្យមានភាពក្លាហាន និងភាពជាអ្នកដឹកនាំដោយផ្សារភ្ជាប់ការសិក្សាទ្រឹស្ដី ទៅនឹង ការអនុវត្តជាក់ស្ដែង គួបផ្សំជាមួយនឹងសកម្មភាពសិក្សាបន្ថែមដូចជា៖ កីឡា សីល្បៈ ព័ត៌មានវិទ្យា របកគំហើញថ្មី ពោលគឺ STEM (Science, Technology, Engineering, and Mathematics) ជាអាទិភាព។

បច្ចុប្បន្ន សាលា អារីហ្សូន មាន៨សាខា រាជធានី-ខេត្ត (សាខាអូឬស្សី សាខាទួលគោក សាខាច្បារអំពៅ១ សាខាច្បារអំពៅ ២ សាខាផ្សារដើមថ្កូវ សាខាឬស្សីកែវ សាខាខេត្តកំពង់ធំ និងសាខាខេត្តសៀមរាប) មានបុគ្គលិកបម្រើរការងារសរុប ទាំងអស់ចំនួន ៥៦១នាក់ (បរទេសចំនួន៣៣នាក់) និងសិស្សានុសិស្សកំពុងសិក្សាចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថា្នក់ទី១២ សរុបចំនួន 8,097នាក់។

ក្នុងឆ្នាំសិក្សា២០២២-២៣ កន្លងទៅនេះ សាលាបានបំពេញនូវបេសកកម្មអប់រំប្រកបដោយទំនុកចិត្តដល់មាតា បិតា អ្នកអាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ដោយឈរលើបាវចនាទាំងបីរបស់សាលា គឺ វិន័យ សីលធម៌ និងគុណភាព ជាមូលដ្ឋាន។ ដើម្បីពង្រឹងសមត្ថភាព និងគុណភាព ព្រមទាំងជម្រុញនូវភាពក្លាហាន របស់សិស្សានុសិស្ស សាលាបានរៀបចំកម្មវិធីប្រកួតប្រជែងនានារួមមាន៖ ការប្រឡងសិស្សឆ្នើម ប្រចាំស្ថាប័នអប់រំ អេជី ការប្រកួតនិយាយភាសាអង់គ្លេស-ចិន ជាសាធារណៈ ការប្រកួតប្រកបពាក្យ...ល ៕