(បរទេស)៖ ថ្មីៗនេះកូរ៉េខាងត្បូងបានដាក់សំណើទៅសហរដ្ឋអាមេរិកឱ្យដោះស្រាយភាពមិនច្បាស់លាស់ទាក់ទងនឹងការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យបន្ទះឈីប និងការឧបត្ថម្ភធនសម្រាប់ការវិនិយោគបន្ទះឈីបដែលកំពុងតែជាបញ្ហាប្រឈមដ៏ធំក្នុងដំណើរការផលិតនៅប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

សំណើនេះកើតឡើងនៅពេលដែលកូរ៉េខាងត្បូង និងក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងទៀត ដូចជាតៃវ៉ាន់បានរងផលប៉ះពាល់ដោយកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការស្ដារមូលដ្ឋានផលិតកម្មផលិតផលពាក់កណ្តាលសម្រេចរបស់ខ្លួន ដែលប៉ះពាល់ដល់ដំណើរការផលិតក្នុងប្រទេសចិន។ ចំពោះការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិកឆ្ពោះទៅរកលទ្ធិគាំពារនិយមបានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងនៅក្នុងប្រទេសទាំងនេះ ដែលមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយប្រទេសចិន។

ដូចដែលបានដឹងរួចមកហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមានរោងចក្រផលិតឈីបជាច្រើនក្នុងប្រទេសចិន ជាពិសេសក្រុមហ៊ុន Samsung Electronics ដែលកំពុងផលិតបន្ទះឈីប NAND flash memory នៅក្នុងទីក្រុង Xian ប្រទេសចិន ចំណែក SK Hynix កំពុងផលិតបន្ទះឈីប DRAM នៅក្នុងទីក្រុង Wuxi និងឈីប NAND Flash នៅ Dalian។

យោងតាមទិន្នន័យពី TrendForce បានឱ្យដឹងថា ក្រុមហ៊ុនទាំងនេះរួមគ្នាគ្រប់គ្រងជិត ៧០ភាគរយនៃបន្ទះឈីប DRAM ជាសកល និង ៥០ភាគរយ នៃទីផ្សារ NAND flash នៅចុងខែមិថុនកន្លងទៅនេះ៕