(ភ្នំពេញ)៖ ផ្ដើមចេញពីការរកស៊ីបោះដុំគ្រឿងក្រអូប ដើមទុនត្រឹម៣០០ដុល្លារ អ្នកនាង ជី សុភា បានខិតខំប្រឹងប្រែងតស៊ូ រហូតមានលទ្ធភាពបង្កើតប្រេន GMB ដោយខ្លួនឯង ដែលក្នុងនោះផលិតផល ដែលអតិថិជនជាច្រើនទទួលស្គាល់ខ្លាំងជាងគេនោះ គឺ​ឡេលាបខ្លួន Booster Arbutin។ ទោះបីជាទីផ្សារហាក់មានការ ប្រកួតប្រជែងខ្លាំងក្លាយ៉ាងណាក៏ដោយ ផ្អែកលើភាពឈ្លាសវៃ និងភាពប៉ិនប្រសប់ក្នុងការរកស៊ី របស់អ្នកនាង ជី សុភា បានជម្រុញឲ្យមុខជំនួញទាំងការបោះដុំ និងប្រេន Booster Arbutin អាចក្តោបក្តាប់អតិថិជនគោលដៅ និងប្រជាប្រិយភាពពីសំណាក់អ្នកប្រើប្រាស់ ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

អ្នកនាង ជី សុភា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ការរកស៊ីមិនចាំបាច់ត្រូវតែមានលុយច្រើន ហើយដើមទុនធំនោះទេ ទើបអាចជោគជ័យទៅបាន សំខាន់អាស្រ័យលើតិចនិក បច្ចេកទេស និងយុទ្ធសាស្ត្រទីផ្សារ ធ្វើយ៉ាងណាចាក់ឲ្យចំបេះដូងអតិថិជនគោលដៅរបស់យើង។

អ្នកនាង ជី សុភា និយាយថា «រកស៊ីបោះដុំដំបូងខ្ញុំមានដើមទុនតែ៣០០ដុល្លារគត់ ប៉ុន្តែខ្ញុំប្រើយុទ្ធសាស្ត្រតក់ៗពេញបំពង់ ដោយសន្សំលុយកាក់លុយសេន ដែលបានមកពីការចំណេញមកពង្រីកមុខរបរបន្ថែម។ ជាពិសេសមិនងាប់ក្រឡាឡើយ ត្រូវចេះយកដើមទុនដែលមាន ទៅបំបែកដោយផ្អែកលើស្ថានភាព និងតម្រូវការទីផ្សារ និងសេដ្ឋកិច្ច»

អ្នកនាង ជី សុភា បានចាប់ផ្តើមមុខរបររកស៊ីលក់ដូរបោះដុះនៅក្នុងឆ្នាំ២០១៩។ បន្ទាប់មកនៅខែកក្កដា ឆ្នាំ២០២២ អ្នកនាង ជី សុភា បានងាកមកបង្កើតប្រេនដោយខ្លួនឯង «GMB» មានលក់នូវឡេលាបខ្លួន ស្ប៉ា ទឹកដោះគោ ប្រេងតែ និង UV ការពារកំដៅថ្ងៃ។ បច្ចុប្បន្នប្រេន «Booster Arbutin» របស់នាងកំពុងផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី ដោយសារតែផលិតផលល្អ មានគុណភាពខ្ពស់ មានចុះបញ្ជីការ ប្រព័នប្រវេទត្រឹមត្រូវ ត្រូវតាមស្តង់ដារក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល។

អ្នកនាង ជី សុភា មិនត្រឹមតែ បានបង្កើតការងារសម្រាប់កូនខ្មែរដោយផ្ទាល់ និងដោយប្រយោលប៉ុណ្ណោះទេ តែថែមទាំងឧស្សាហ៍ ចែករំលែកនូវក្តីស្រឡាញ់ទៅកាន់មនុស្សទីទ័លក្រ កុមារកំព្រា មនុស្សចាស់តាមរយៈការឧបត្ថម្ភនូវ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាផងដែរ។ នៅមិនទាន់អស់ទេ អ្នកនាងតែងតែសកម្ម ក្នុងកិច្ចការងារជួយដល់សង្គម ដោយជួយសាងសង់នូវសាលារៀន ផ្លូវថ្នល់ វត្តអារាម និងមន្ទីរពេទ្យនានា ថែមទៀតផង។

ភាពជោគជ័យដែលបានមកពីការតស៊ូ របស់អ្នកនាង ជី សុភា គឺជាគំរូដ៏ល្អបំផុត សម្រាប់អ្នកចង់ចាប់អាជីពរកស៊ីដោយខ្លួនឯង ជាពិសេសបានបំផុសនូវផ្នត់គំនិត ប្រកបភាពច្នៃប្រឌិត ពោលគឺភាពជោគជ័យនៃអាជីវកម្មមួយ មិនមែនអាចអាស្រ័យលើដើមទុនតូចឬធំទេ ប៉ុន្តែគឺភាពច្បាស់លាស់លើអ្វីដែលខ្លួនឯងកំពុងធ្វើ ក៏ដូចជាការដាក់គោលដៅឲ្យបានត្រឹមត្រូវ សិក្សាពីតម្រូវការទីផ្សារ និងស្វែងរកនូវឱកាសល្អ សម្រាប់បង្កើតនូវអាជីវកម្ម ឬមុខជំនួញ៕