(ហាន់ចូវ)៖ ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ដែលពន្យារពេលកាលពីឆ្នាំ២០២២ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការនាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានលោក Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសព្រះរាជវត្តមានរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលត្រូវបានម្ចាស់ផ្ទះចិន ស្ដេចយាងព្រះអង្គ ជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើកនេះ។

មុនឈានដល់ពិធីបើកព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីខាងលើ នៅព្រឹកថ្ងៃសៅរ៍នេះ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានប្រតិភូកម្ពុជា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា ដែលត្រូវចូលរួមដង្ហែអបអរសាទរពិធីបើកការប្រកួតកីឡាអាស៊ីល្ងាចនេះ ដើម្បីធ្វើការណែនាំ ដោយត្រូវរក្សាឲ្យបាននូវសេចក្ដីថ្លៃថ្នូរកំឡុងពេលដង្ហែក្បួន ពិសេសការត្រៀមគោរពប្រតិបត្តិ ចំពោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅពេលក្បួនដង្ហែប្រតិភូកីកម្ពុជា ដល់មុខព្រះភ័ក្ដ្ររបស់ព្រះអង្គ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបើកការប្រកួតកីឡាអាស៊ី លើកទី១៩ កម្ពុជាបានត្រៀមប្រតិភូ និងអត្តពលិកប្រមាណ ១០០នាក់ ដើម្បីចូលរួមដង្ហែក្បួនជាមួយបណ្ដាប្រទេសក្នុងទ្វីបអាស៊ី ទាំង ៤៥ប្រទេស។ ក្នុងនោះកម្ពុជាបានជ្រើសរើសអត្តពលិកឆ្នើម ២រូប ដើម្បីកាន់ទង់ជាតិ រួមមានកីឡាករបាល់បោះ ទេព ឆរ៉ាត់ និងកីឡាការិនីគុនដាវ ហៃ ស្រីស្រស់។ ចំពោះពិធីបើកការប្រកួតខាងលើ តាមការគ្រោងទុកក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ។

គួរដឹងថា ព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou នឹងដំណើរការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលាខាងមុខ ដោយកម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាទៅចូលរួម រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ៕