(បរទេស)៖ គ្រាប់បាល់បំប៉ោងសំណាញ់ទីរបស់កីឡាករ Julio Enciso និងកីឡាការិនី Sam Kerr បានឈានមកដល់ការបោះឆ្នោតជុំចុងក្រោយ ដើម្បីឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ២០២៣ នៃសហព័ន្ធអន្តរជាតិ FIFA (FIFA Puskas)។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះថា Enciso វ័យ ១៩ឆ្នាំ បានប្រើប្រាស់ជំនាញជើងស្តាំរបស់គេបញ្ចប់ទីយ៉ាងស្អាត ក្នុងរយៈចម្ងាយ ២៥យ៉ាត ក្នុងប្រកួតរបស់ Brighton ទល់នឹងក្រុមជើងឯកលីគ Manchester City កាលពីខែឧសភាកន្លងទៅ។

១គ្រាប់ស៊ីមុំកែង ៩០ដឺក្រេខាងលើនេះ ក៏បានជួយឲ្យ Brighton បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៅ Premier League និងស្ថិតក្នុងចំណោមគ្រាប់ស៊ុតល្អបំផុតចំនួន ១១គ្រាប់ ដែលត្រូវបានជ្រើសរើសយកទៅវិភាគ និងដាក់ឲ្យបោះឆ្នោតក្នុងការប្រជែងពានឯកត្តជន FIFA Puskas ប្រចាំឆ្នាំ២០២៣ ផងដែរ។

ចំណែកឯបាល់ទាត់ផ្នែកនារីវិញ គឺប្រធានក្រុមអូស្រ្តាលី Sam Kerr រកបានគ្រាប់ដ៏គួរឲ្យចាប់អារម្មណ៍ក្នុងប្រកួត Women’s World Cup 2023 ដែលបានស៊ុតបញ្ចូលទីអង់គ្លេស នៃការប្រកួតដែលពួកគេបានចាញ់ក្នុងលទ្ធផល ៣-១ វគ្គ ៤ក្រុមចុងក្រោយ។

កីឡាការិនីដែលកំពុងប្រកបអាជីពក្លិបនៅអង់គ្លេស តោខៀវ Chelsea នោះ បានប្រើប្រាស់ជំនាញគ្រប់គ្រងបាល់ និងស៊ុតប្រឡោះខ្សែការពារបញ្ចូលទី Mary Earps បានសម្រេច នៅក្រៅប្រអប់គ្រោះថ្នាក់៕