(ប៊ែកឡាំង)៖ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានសម្រេចប្រកាសពីការតែងតាំងលោក Julian Nagelsmann ជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិ លើកិច្ចសន្យារហូតដល់ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

បុរសវ័យ ៣៦ឆ្នាំរូបនេះ បានបន្តតំណែងពីលោក Hansi Flick ដែលត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីដំណើរការទទួលបានលទ្ធផលមិនល្អ ក្រោយពេលការប្រកួតមិត្តភាពអន្តរជាតិចាញ់ក្រុមតំបន់អាស៊ី ជម្រើសជាតិជប៉ុន ៤-១ កាលពីដើមខែនេះ។

លោក Nagelsmann មិនមានការងារធ្វើនោះទេ គិតចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីតួនាទី ដោយក្លិប FC Bayern Munich កាលពីខែមីនា ក្រោយដឹកនាំបានជិត ២ឆ្នាំ។

គួរដឹងដែរថា ក្រុមអាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់អឺរ៉ុប European Championship 2024 នៅរដូវក្តៅខាងមុខ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា ការដឹកនាំប្រកួតដំបូងរបស់លោក Nagelsmann សម្រាប់ក្រុមអាល្លឺម៉ង់ គឺជាមានការប្រកួតមិត្តភាពជាមួយក្រុមសហរដ្ឋអាមេរិក នារដ្ឋ Connecticut នាថ្ងៃទី១៤ ខែតុលា ហើយបន្តប្រកួតទល់នឹងក្រុមម៉ិកស៊ិក នៅរដ្ឋ Philadelphia នៅពេល ៣ថ្ងៃបន្ទាប់ និងជួបក្រុមអូទ្រីស នាខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕