(អង់ការ៉ា)៖ បុរសសញ្ជាតិអ៊ីតាលី Vincenzo Montella ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី របស់ក្រុមបាល់ទាត់ជម្រើសជាតិទួរគី កាលពីថ្ងៃព្រហស្បតិ៍ ដោយការសម្រេចរបស់សហព័ន្ធបាល់ទាត់ទួរគី (TFF), បន្ទាប់ពីសហព័ន្ធបានចែកផ្លូវគ្នាជាមួយបុរសសញ្ជាតិអាល្លឺម៉ង់ លោក Stefan Kuntz ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

ការចាកចេញរបស់លោក Kuntz ក្នុងសប្តាហ៍នេះ បានកើតឡើង បន្ទាប់ពីអ្នកចាត់ការរូបនេះ បានរិះគន់ក្រុមកីឡាករក្រោយលេងចាញ់ការប្រកួតមិត្តភាព ៤-២ ក្រោមថ្វីជើងក្រុមជម្រើសជាតិជប៉ុន។

លោក Montella មានវ័យ ៤៩ឆ្នាំ ក៏ធ្លាប់ធ្វើជាគ្រូបង្វឹកក្លិបនៅលីគទួរគី ក្លិប Adana Demirspor រយៈពេល ២ឆ្នាំផងដែរ គិតមកដល់ខែមិថុនា ឆ្នាំនេះ ហើយក៏ធ្លាប់បានដឹកនាំក្លិបអ៊ីតាលី AC Milan និងក្លិប Fiorentina និងក្លិបអេស្ប៉ាញ Sevilla ផងដែរ។

បើតាមសហព័ន្ធ (TFF) បានឲ្យដឹងថា លោក Montella និងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយជម្រើសជាតិទួរគី ដែលធ្វើឡើងនៅទីក្រុង Istanbul នាថ្ងៃទី២៧ ខែកញ្ញាខាងមុខ ជាមួយឱកាសដឹកនាំក្រុមជម្រើសជាតិទួរគី ធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវក្រុមក្រូអាត ក្នុងការប្រកួតជម្រុះ Euro 2024 របស់ពួកគេ នៅថ្ងៃទី១២ ខែតុលាខាងមុខនេះ៕