(ភ្នំពេញ)៖ ធនាគារ មេយប៊ែង បានបញ្ជាក់កាន់តែច្បាស់នូវការបេ្ដជ្ញាចិត្តរបស់ខ្លួ តាមរយៈការដាក់ឲ្យប្រើប្រាស់ សាលរង់ចាំ សម្រាប់អតិថិជន Premier ទី៥របស់ខ្លួននៅធនាគារ មេយប៊ែង សាខាម៉ៅសេទុង ដែលទើបតែត្រូវបានពង្រីកថ្មីៗ។

ការដាក់សម្ពោធនេះរៀបចំឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបង្ហាញពីសេចក្តីសម្រេចសំខាន់ថ្មីមួយ ក្នុងជំហបង្កើនការយកចិត្តទុកដាក់ របស់ធនាគារ មេយប៊ែង ចំពោះភាពល្អឥតខ្ចោះនៃសេវាកម្ម ស្របតាមតម្រូវការហិរញ្ញវត្ថុជាក់លាក់ របស់អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន។

លោក រ័ត្ន សោភ័ណ្ឌ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា បានថ្លែងឲ្យដឹងថាធនាគារ មេយប៊ែង បានបន្តលូតលាស់ស្របនឹងការរីកចម្រើន នៃប្រទេសកម្ពុជា ក្នុងរយៈកាល៣ទស្សវត្សរ៍កន្លងមកនេះ។ ពួកយើងចាប់ផ្តើមពីសាខាតែមួយក្នុងឆ្នាំ១៩៩៣ រហូតត្រូវបានទទួលស្គាល់ជាធនាគារអន្តរជាតិល្អបំផុត នៅឆ្នាំ២០២៣ និងសម្រាប់រយៈពេល៤ឆ្នាំជាប់ៗគ្នា ពីពានរង្វាន់ Asiamoney។ ការរីកចម្រើនរបស់យើង បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត ក្នុងការបំពេញតាមសេចក្ដីត្រូវការរបស់អតិថិជននៅកម្ពុជា។

លោក រ័ត្ន សោភ័ណ្ឌ បានបន្ថែមទៀតថា «ការពង្រីក ធនាគារ មេយប៊ែង សាខាម៉ៅសេទុង និងការបន្ថែមសាលរង់ចាំសម្រាប់អតិថិជន Premier ទី៥របស់ធនាគារ មេយប៊ែង ជាការបញ្ជាក់អំពីសក្ខីភាពនៃភាពស្មោះត្រង់ និងការជឿទុកចិត្ត ដែលផ្តល់ដោយអតិថិជនរបស់យេីងក្នុងប្រទេសកម្ពុជា ពួកយើងជឿជាក់ថា ការផ្លាស់ដូរទីតាំងថ្មីនៃសាខាម៉ៅសេទុងថ្មីនេះ នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនង ជាមួយអតិថិជនមានស្រាប់ និងត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអតិថិជនថ្មី ដែលកំពុងស្វែងរកដៃគូហិរញ្ញវត្ថុ ដែលអាចទុកចិត្តបានសម្រាប់តម្រូវការរបស់ពួកគេ»

ការពង្រីក និងការផ្លាស់ប្ដូរទីតាំងសាខាម៉ៅសេទុងនេះ មានទំហំធំជាងមុន និងបរិក្ខារធនាគារទំនើបជាងមុននេះ ក៏បានគូសបញ្ជាក់ពីការតាំងចិត្តរបស់ធនាគារ មេយប៊ែង ក្នុងការពង្រឹងសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន។

សាលរង់ចាំសម្រាប់អតិថិជនPremier ថ្មីនេះ មានទីតាំងស្ថិតនៅជាន់ទី១ នៃធនាគារ មេយប៊ែង សាខាម៉ៅសេទុង ដែលអាចប្រើប្រាស់បាន ដោយគ្រាន់តែបង្ហាញប័ណ្ណឥណពន្ធ Premier របស់ធនាគារ មេយប៊ែង។ ការរចនានៅជាន់នោះ មានលក្ខណៈប្រណិតតម្រូវទៅតាម តម្រូវការផ្ទាល់ខ្លួនរបស់អតិថិជន Premier។

ចំណែកសាលធនាគារនៅជាន់ផ្ទាល់ដីត្រូវបានពង្រីក ដើម្បីផ្ដល់នូវបរិយាកាសកាន់តែទូលាយ ជាមួយនឹងចំណតយានយន្តកាន់តែធំ ទូលាយជាងមុន ការផ្តួចផ្តើមទាំងនេះ ដើម្បីធានាបាននូវបទពិសោធន៍កាន់តែងាយស្រួលជូន ដល់អតិថិជនពីគ្រប់មជ្ឈដ្ឋាន ក្នុងការធ្វើប្រតិបត្តិការធនាគារនៅធនាគារ មេយប៊ែង។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលរង់ចាំសម្រាប់អតិថិជនPremier របស់ធនាគារ មេយប៊ែង ប្រារព្ធឡើងជាមួយពិធីកាត់ខ្សែបូរ និងកម្មវិធីសំណេះសំណាល និងថ្លែងអំណរគុណដល់អតិថិជន របស់ធនាគារ មេយប៊ែង បង្ហាញពីការអរគុណ ដល់អតិថិជនចំពោះការគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់ធនាគារ មេយប៊ែង កន្លងមក។

កម្មវិធីនេះក៏មានបទបង្ហាញអំពីប័ណ្ណឥណទាន Maybank 2 cards របស់ធនាគារ មេយប៊ែង ដែលទើបនឹងដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ ដែលភ្ជាប់មកជាមួយនឹងអត្ថប្រយោជន៍ទ្វេដង ជាមួយនឹងប័ណ្ណឥណទាន American Express និងប័ណ្ណឥណទានវីសា។

ទីតាំងថ្មីនឹងផ្ដល់ជូននូវសេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុដ៏ពេញលេញ ដែលមានរួមទាំងសេវាកម្មធនាគារបុគ្គល ធនាគារកិច្ចពាណិជ្ជកម្ម និងសេវាធានារ៉ាប់រង អតិថិជនអាចអញ្ជើញមកទទួលសេវាកម្មទាំងនេះ ដោយផ្ទាល់នៅធនាគារ មេយប៊ែង សាខាម៉ៅសេទុង រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ចាប់ពីម៉ោង៨៖០០ព្រឹកដល់ម៉ោង៤៖០០នាទីរសៀល និងថ្ងៃសៅរ៍ ម៉ោង៨ព្រឹក ដល់១២ថ្ងៃត្រង់។ ធនាគារ Maybanks ក៏បានបំពាក់ជាមួយនឹងម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ដែលបើកដំណើរការ ២៤ម៉ោង ហើយធានាឲ្យបាននូវភាពងាយស្រួលជូនដល់អតិថិជន៕