(ភ្នំពេញ)៖ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក  អង្គការឆាលហ្វាន កម្ពុជា រួមនឹងអង្គការបង្រៀនដើម្បីកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះបានប្រកាសដាក់ឱ្យដំណើរការគម្រោង «លើកកម្ពស់សមត្ថភាពផ្នែកឌីជីថលក្នុងវិស័យអប់រំ» ដើម្បីបង្កើនសមត្ថភាពឌីជីថលដល់សិស្សានុសិស្ស ចាប់ពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យ។

ក្នុងការអនុវត្តគម្រោងនេះ នឹងនាំឱ្យមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់នូវសមត្ថភាពឌីជីថល ក្នុងសាលារៀននៅកម្ពុជា និងផ្តល់ឱកាសស្មើគ្នា ដល់សិស្សានុសិស្សសម្រាប់ធ្វើការអភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថល។

ក្រោមការគាំទ្ររបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក តាមរយៈអង្គការឆាលហ្វាន កូរ៉ គម្រោងដែលមានរយៈពេលបីឆ្នាំនេះ នឹងពង្រឹងការអប់រំអំពីឌីជីថល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងសាលារៀនចំនួន២១ ដែលត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ។

តាមរយៈការផ្តល់ជូននូវលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ គម្រោងនេះមានគោលបំណងបំពាក់នូវជំនាញកុំព្យូទ័រជាមូលដ្ឋាន អក្ខរកម្មហិរញ្ញវត្ថុ និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដល់សិស្សានុសិស្សជាង ២៤ ០០០ នាក់និងអ្នកចូលរួមដោយផ្ទាល់សរុបប្រមាណ ៦៤ ៦១៣ នាក់ រួមមានគ្រូបង្រៀន ឪពុកម្តាយ និងមន្ត្រីរាជការ។ វិធីសាស្ត្រប្រកបដោយភាពគ្រប់ជ្រុងជ្រោយមួយនេះ នឹងបង្កើតបាននូវធនធានមនុស្សជំនាន់ក្រោយ ពោរពេញដោយទេពកោសល្យ ត្រៀមខ្លួនចូលរួម ក្នុងពិភពឌីជីថល។

អង្គការឆាលហ្វាន កម្ពុជា នឹងសហការជាមួយរដ្ឋាភិបាល និងអង្គការជំនាញក្នុងស្រុក អង្គការបង្រៀនដើម្បីកម្ពុជា ក្នុងការអនុវត្តគម្រោងនេះ។ ចីរភាព និងផលជះរបស់គម្រោងនឹងត្រូវបានធានាតាមរយៈបណ្ដាញកិច្ចសហប្រតិបត្តិការ ការបង្កើនសមត្ថភាពនិងការចូលរួមរបស់រដ្ឋាភិបាល និងសហគមន៍។

លោកបណ្ឌិត អ៉ឺម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គម្រោងនេះមានសារៈសំខាន់ណាស់សម្រាប់វិស័យអប់រំ ក៏ដូចជាគ្រូបង្រៀន សិស្សានុសិស្ស និងសហគមន៍នៅតាមខេត្តគោលដៅរបស់គម្រោង ដោយគម្រោងនេះមានវិសាលភាពអនុវត្តចាប់ពីសិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ នៅសាលារៀនគោលដៅចំនួន ២១ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ សរុបអ្នកទទួលផល រួមមាន សិស្សានុសិស្ស គ្រូបង្រៀន និងសហគមន៍ ជាង១០ម៉ឺននាក់ តាមរយៈការផ្ដល់ បន្ទប់កុំព្យូទ័រដល់សាលារៀន ថេប្លេតសម្រាប់បណ្ណាល័យ ការរៀបចំកម្មវិធីសិក្សា សៀវភៅសិក្សា និងការ បណ្ដុះបណ្ដាលពាក់ព័ន្ធអក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ និងសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត។

លោកមានប្រសាសន៍បន្ថែមថា «គម្រោងនេះស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំរបស់យើងយ៉ាងល្អឥតខ្ចោះ ហើយវានឹងដើរតួយ៉ាងសំខាន់ក្នុងការបំប៉នសិស្សានុសិស្សនូវជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT) ហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់ធនាគារ អ៊ូរី អង្គការឆាលហ្វាន កម្ពុជា និងដៃគូទាំងអស់ ក្នុងការជំរុញអក្ខរកម្មជំនាញ និងការអប់រំនៅក្នុងប្រទេសរបស់យើង។»

លោក ហុង ជូគីម អគ្គនាយកប្រតិបត្តិនៃធនាគារអ៊ូរី បានបង្ហាញនូវមោទនភាពរបស់ខ្លួន ក្នុងការគាំទ្រគម្រោងថ្មីនេះ ដែលដឹកនាំដោយអង្គការឆាលហ្វាន កម្ពុជា។ លោកជឿជាក់ថា ការផ្តល់ជូនសិស្សានុសិស្សនូវសមត្ថភាពឌីជីថល ហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ នឹងមិនត្រឹមតែជួយជំរុញសក្តានុពលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចជួយឱ្យពួកគេរីកចម្រើនលូតលាស់ នៅក្នុងពិភពឌីជីថលមួយនេះទៀតផង។

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសរបស់អង្គការឆាលហ្វាន កម្ពុជា បានសម្តែងក្តីរំភើបចំពោះការដាក់ឱ្យដំណើការគម្រោងនេះ ដោយលោកមានប្រសាសន៍ថា «ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT) របស់សាលារៀន និងការកសាងធនធានមនុស្ស គឺជាបច្ច័យដ៏សំខាន់សម្រាប់ការរួមចំណែកលើកកម្ពស់ ធនធានមនុស្សនៅកម្ពុជា។ សមត្ថភាពរបស់គ្រូបង្រៀនក្នុងការប្រើប្រាស់ធនធានឌីជីថល ហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងវិធីសាស្ត្របង្រៀននៅក្នុងកម្មវិធីសិក្សាដែលបានបង្កើតឡើង នឹងបន្ថែមគុណតម្លៃពិសេសដល់គុណភាពនៃការអប់រំ។»

លោកស្រី Namhee Yoon តំណាងអង្គការឆាលហ្វាន កូរ៉េ បានពាំនាំការប្តេជ្ញាចិត្តរបស់អង្គការក្នុងការលើកកម្ពស់ជីវិតរបស់កុមារ និងបំពេញសិទ្ធិរបស់ពួកគេ។
អ្នកស្រីបានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងមុតមាំរបស់អង្គការឆាលហ្វាន កូរ៉ ចំពោះគម្រោងរបស់អង្គការឆាលហ្វាន កម្ពុជាដោយបង្ហាញក្តីរំភើបអំពីផលជៈជាវិជ្ជមានដែលនឹងកើតមានលើកុមារកម្ពុជា៕