(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ព្រៃឈើ មិនត្រឹមតែជារមណីយដ្ឋានខៀវស្រងាត់ ស្រស់បំព្រង ម្លប់ត្រឈឹងត្រឈៃគួរជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ តែក៏ជាកំពែងបៃតងដ៏រឹងមាំជួយការពារប្រាង្គប្រាសាទពីការខូចខាតដោយសារកត្តាអាកាសធាតុថែមទៀតផង។

ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន TotalEnergies បានសហការដំណើរការគម្រោងដាំដើមឈើ ដែលមានឈ្មោះថា «ឧទ្យានអង្គរតូតាល់អឺនណឺរជីសិ៍ ឬ Angkor-TotalEnergies Park» ស្ថិតនៅខាងជើងប្រាសាទព្រះខ័ន ក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប អស់រយៈពេល២ឆ្នាំកន្លងមក ក្នុងនោះកូនឈើគ្រប់ប្រភេទចំនួនជាង១៦,០០០ដើម លើផ្ទៃដីទំហំ៨ហិកតា បានធំលូតលាស់ល្អ។

អាជ្ញាធរជាតិបានបញ្ជាក់ទៀតថា ឧទ្យានអង្គរតូតាល់អឺនណឺរជីសិ៍នេះ បានប្រែក្លាយទីតាំងនេះជារមណីយដ្ឋានខៀវស្រងាត់ ស្រស់បំព្រង ម្លប់ត្រឈឹងត្រឈៃគួរជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរ និងជាកំពែងបៃតងដ៏រឹងមាំជួយការពារប្រាង្គប្រាសាទពីការខូចខាតដោយសារកត្តាអាកាសធាតុ៕