(ក្រុងឡុងដ៍)៖ លោក Daniel Levy ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ក្លិបបាល់ទាត់អាជីព Tottenham Hotspur នោះ បានកំពុងពិចារណាក្នុងការដាក់លក់ភាគហ៊ុនក្លិបនេះជាលើកដំបូង បន្ទាប់ពីរូបលោកបានគ្រប់គ្រងក្លិបនេះតាំងពីឆ្នាំ២០០១ មក។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះថា លោក Levy និងក្រុមគ្រួសាររបស់លោកបានវិនិយោគលើ Spurs មានចំនួន ២៩.៨៨% ជាមួយម្ចាស់ភាគហ៊ុនធំ គឺក្រុមហ៊ុន ENIC Group មានដល់ទៅ ៨៦.៥៨% តាំងពីឆ្នាំ២០០១។

ថ្មីៗនេះដែរ លោក Levy បានថ្លែងប្រាប់គេហទំព័រសេដ្ឋកិច្ច Bloomberg ពីការគិតគូរផលប្រយោជន៍របស់ក្លិប តាមរយៈទាញយកចំណូលចូលក្លិបប្រចាំទីក្រុង London ប្រទេសអង់គ្លេសមួយនេះ ក៏ព្រោះតែរូបលោកបានរងការរិះពីអ្នកគាំទ្រ និងស្នើឲ្យចាកចេញពីតំណែងនេះផងដែរ។

លោកថា «គ្មានហេតុផលណាមួយដែលខ្ញុំត្រូវចាកចេញពី Tottenham ឡើយ ក៏ប៉ុន្តែខ្ញុំមានកាតព្វកិច្ចក្នុងការគិតគូរដល់ក្លិបនេះ ជាប្រយោជន៍ដែលអ្នករាល់គ្នាចង់បានផងដែរ។ វាពុំមែនសម្រាប់តែខ្ញុំម្នាក់ទេ ប៉ុន្តែជាអ្វីៗសម្រាប់ក្លិបទាំងអស់។ នៅពេលនេះពួកយើងមានប្រមាណ ៣០,០០០ចំណែកភាគហ៊ុន ដែលស្មើនឹង ១៣.៥%។ ពួកយើងចង់វិវត្តន៍ក្លិបនេះ ក្លាយជាក្រុមហ៊ុនសាធារណៈផងដែរនាពេលអនាគត»

បុរសវ័យ ៦១ឆ្នាំខាងលើនេះក៏បានគូសបញ្ជាក់ថា កន្លងមកមានភាគីច្រើនណាស់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចង់ទិញភាគហ៊ុនក្នុងក្លិប Spurs ជាពិសេសក្រោយពេលពួកគេបានផ្លាស់ទៅលេងនៅកីឡដ្ឋានថ្មី ដែលអាចផ្ទុកអ្នកទស្សនាសរុបបានដល់ទៅ ៦២,៨៥០នាក់កាលឆ្នាំ២០១៩៕