(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google កំពុងប្រឈមមុខនឹងពាក្យបណ្តឹងថ្មីមួយជុំវិញការធ្វេសប្រហែសមិនព្រមធ្វើបច្ចុប្បន្នភាពនៅលើ Google Map ដែលបណ្តាលឱ្យបុរសម្នាក់បើករថយន្តធ្លាក់ពីលើស្ពានចាស់ដែលត្រូវបានគេទុកចោលរហូតដល់ស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមពាក្យបណ្តឹងដែលត្រូវបានដាក់ដោយប្រពន្ធជនរងគ្រោះលោកស្រី Alicia Paxson បានឱ្យដឹងថា Google មានការធ្វេសប្រហែសទៅលើការធ្វើបច្ចុប្បន្នភាពមុខងារ និងទីតាំងនៅក្នុង Google Map ខណៈដែលបណ្តាលឱ្យស្វាមីរបស់ខ្លួនមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត។ លោកស្រី Alicia បានបន្ថែមថា ស្វាមីរបស់ខ្លួនបានធ្វើដំណើរទៅចូលរូមពិធីខួបកំណើតនៅសង្កាត់ថ្មីមួយដែលមិនស្គាល់ផ្លូវច្បាស់ និងត្រូវទៅតាមរយៈការណែនាំដែលមាននៅលើ Google Map ហើយក្នុងអំឡុងពេលនោះស្វាមីរបស់ខ្លួនក៏បានឆ្លងតាមស្ពានចាស់ដែលត្រូវបានគេទុកចោលអស់រយៈពេលជាង ៩ឆ្នាំទើបបណ្តាលឱ្យរថយន្តធ្លាក់ចូលទៅក្នុងទឹកតែម្តង។

ជុំវិញករណីនេះប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុនោះបានអះអាងថា ពួកគេបានជូនដំណឹងអំពីស្ពានចាស់ទ្រុឌទ្រោមនេះទៅកាន់ Google ជាយូរមកហើយអំពីបញ្ហាក្នុងការធ្វើដំណើរ នឹងឱ្យរៀបចំទៅផ្លូវផ្សេង ប៉ុន្តែ Google មិនបានធ្វើតាមការជូនដំណឹងនោះទេ។

តែយ៉ាងណាជុំវិញការករណីនេះនៅមិនទាន់មានការឆ្លើយតប និងផ្តល់ដំណោះស្រាយថ្មីពី Google នៅឡើយនោះទេ។

គួរជម្រាបដែរថា បញ្ហា Google Map បង្ហាញផ្លូវខុសនេះគឺ បានកើតឡើងនៅសហរដ្ឋអាមេរិក ហើយក្នុងហេតុការណ៍ប្រភពមិនទាន់អាចបញ្ជាក់បានថាខុសពីខាង Google ឬខាងអាជ្ញាធរនោះទេ ដោយសារតែតាមបណ្តោយផ្លូវដែលទុកចោលនោះពុំមានដាក់សញ្ញាព្រមាននោះឡើយ៕