(ក្រុងឡុងដ៍)៖ ក្លិបរបស់អង់គ្លេស២ រួមមាន Liverpool និង West Ham United សុទ្ធតែរកបាន ៣ពិន្ទុនៃការប្រកួតបើកឆាកពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League 2023-2024 ដូចគ្នា។

ហង្សក្រហម Liverpool បានធ្វើការវាយបកយកឈ្នះ LASK របស់អូទ្រីស ក្នុងលទ្ធផល ៣-១ ពីមួយប្រកួតបើកឆាកសន្សំពិន្ទុប្រចាំពូល E ដ្បិតក្រុមម្ចាស់ផ្ទះបានបើកឆាកនាំមុខតាំងតែពីនាទី១៩ មកនោះ ដែលជាការរួមចំណែករកបានគ្រាប់ពីសំណាក់កីឡាករ Darwin Nunez, Luis Diaz និង Mohamed Salah។

នេះជាការបង្ហាញខ្លួនក្នុងពាន UEL ជាលើកដំបូងសម្រាប់ Liverpool គិតចាប់តាំងពួកគេបានចាញ់ផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងរបស់ Sevilla ក្នុងឆ្នាំ២០១៦ និងក្លាយជាជ័យជម្នះលើកទី៥០ ផងដែរ ស្ថិតក្រោមការបង្វឹករបស់លោក Jurgen Klopp។

៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានធ្វើឲ្យ Liverpool ឡើងទៅឈរនៅកំពូលតារាងប្រចាំពូល E ជាបណ្តោះអាសន្ន ដ្បិត ១ប្រកួតផ្សេងក្នុងពូលនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ រវាងក្រុម Union St-Gelloise និង Toulouse។

ចំណែកឯញញួរធំ West Ham វិញក៏បាន ៣ពិន្ទុនៅថ្ងៃបើកឆាក UEL នេះដូចគ្នា តាមរយៈយកឈ្នះគូប្រជែង Backa Topola របស់ប្រទេសស៊ែប៊ី ៣-១ នៃវគ្គសន្សំពិន្ទុប្រចាំពូល A។ West Ham មានកៅអីលេងពាននេះ ក្នុងនាមជាម្ចាស់ជើងឯកពាន Conference League រដូវកាលមុន ដែលបានយកឈ្នះ Fiorentina នៅវគ្គផ្តាច់ព្រ័ត្រ៕