(ភ្នំពេញ)៖ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានលើកឡើងថា ការទទួលបានជ័យជម្នះក្រៅដី មិនមែនជារឿងងាយស្រួយឡើយ តែលោកសប្បាយចិត្ត ដែលកូនក្រុមអាចធ្វើបាន បន្ទាប់ពីបំបាក់ក្រុមម្ចាស់ផ្ទះហ្វីលីពីន Dynamic Herb Cebu FC ដោយលទ្ធផល ៣-០ ក្នុងប្រកួតបើកឆាកពូល F នៃពានរង្វាន់ AFC Cup 2023-24 នៅរដ្ឋធានីម៉ានីលកាលពីយប់មិញ។

គ្រូបង្វឹកជនជាតិអ៊ុយក្រែនរូបនេះបានបញ្ជាក់ថា «វាមិនមែនងាយស្រួលក្នុងការលេងនៅក្រៅប្រទេសកម្ពុជា ប៉ុន្តែខ្ញុំសប្បាយចិត្តដែលបានបំលែងឱកាសដែលយើងមាន ហើយយើងធ្វើវាបាន។ យើងដឹងពីភាពតានតឹងនៃការប្រកួត ហើយសម្រាប់យើងវាជារឿងសំខាន់ក្នុងការព្យាយាមស្វែងរកគ្រាប់បាល់ និងព្យាយាមប្រយុទ្ធនៅតំបន់ទំនេរដែលយើងមាន»

គួរដឹងថា បន្ទាប់ពីជ័យជម្នះខាងលើ ភ្នំពេញក្រោនកំពុងកាន់ ៣ពិន្ទុក្នុងដៃ ស្មើក្រុម Macarthur FC របស់អូស្ដ្រាលី ដែលបានយកឈ្នះម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣-០ ដូចគ្នាកាលពីយប់មិញ។ សម្រាប់ប្រកួតបន្ទាប់ក្រុមជើងឯកលីគកំពូលកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុម Shan United វិញម្ដងនាថ្ងៃទី០៥ ខែតុលា ខណៈ Cebu FC ត្រូវជួបក្រុមម្ចាស់ផ្ទះ Macarthur FC។

សូមបញ្ជាក់ថា វគ្គចែកពូលនៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីខាងលើ ភ្នំពេញក្រោនស្ថិតក្នុងពូល F ជាមួយក្រុម Dyanamic Herb Cebu FC មកពីហ្វីលីពីន, ក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Macarthur FC មកពីអូស្ដ្រាលី។ ចំពោះរូបមន្ដការប្រកួត នឹងធ្វើការប្រកួតវិលជុំ ២ជើង ដើម្បីកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ៕