(បរទេស)៖ រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងពិចារណាហាមឃាត់ការប្រើប្រាស់បណ្តាញ 5G ទាំងអស់របស់ចិនដែលនាំចូលមកលក់ក្នុងប្រទេសរបស់ខ្លួន។ នេះគឺជាផ្នែកមួយនៃនិន្នាការកើនឡើងក្នុងចំណោមប្រទេសលោកខាងលិចក្នុងការរឹតបន្តឹងការប្រើប្រាស់បច្ចេកវិទ្យារបស់ចិននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ពួកគេ ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិ និងចារកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

តាមការប៉ាន់ប្រមាណបានឱ្យដឹងថា ខ្ទង់ ៥៩ភាគរយនៃបណ្តាញ 5G Radio Access Networks (RANs) ដែលកំពុងប្រើប្រាស់នៅអាល្លឺម៉ង់បច្ចុប្បន្ននេះ គឺសុទ្ធសឹងតែជាសមាសអាធាតុរបស់ក្រុមហ៊ុនចិន Huawei។ យ៉ាងណាមិញក្នុងរបាយការណ៍ថ្មីនេះបង្ហាញថា ក្រសួងមហាផ្ទៃ និងសហគមន៍របស់អាល្លឺម៉ង់កំពុងស្វែងរកការដាក់កម្រិតលើឧបករណ៍ 5G របស់ចិនដែលប្រើប្រាស់ដោយក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទធំៗក្នុងស្រុកដូចជា Deutsche Telekom និង Vodafone ជាដើម។

យោងតាមសេចក្តីព្រាងច្បាប់ថ្មីមួយពីក្រសួងទូរគមនាគមន៍អាល្លឺម៉ង់បានបង្ហាញថា ការហាមឃាត់ទៅលើការប្រើប្រាស់បណ្តាញ 5G របស់ចិននៅផ្នែកស្នូលក្នុងបណ្តាញរបស់ខ្លួននឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តទៅ។ នេះមានន័យថា ការហាមឃាត់ដំបូងនឹងចាប់ផ្តើមពីឧបករណ៍របស់មន្ត្រីក្នុងជួររដ្ឋាភិបាលមុនគេ។ តែយ៉ាងណាសម្រាប់ព័ត៌មានលម្អិតអំពីដែនកំណត់នៃការហាមឃាត់នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ជំហានដំបូងនឹងកំណត់ការហាមឃាត់លើបណ្តាញ 5G សរុបរបស់ចិនប្រហែល ២៥ភាគរយជាមុនសិន។

គួរជម្រាបដែរថា មន្ត្រីអាល្លឺម៉ង់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា តំបន់ដូចជាទីក្រុងប៊ែកឡាំង ដែលជាទីស្នាក់ការរបស់រដ្ឋាភិបាលសហព័ន្ធនៃប្រទេសអាល្លឺម៉ង់ មិនគួរមានបច្ចេកវិទ្យាចិនណាមួយប្រើនៅក្នុងបណ្តាញទូរស័ព្ទរបស់ខ្លួននោះទេ។ ក្រសួងមហាផ្ទៃអាល្លឺម៉ង់ចង់ទប់ស្កាត់ការពឹងផ្អែកខ្លាំងរបស់ប្រទេសនេះលើបច្ចេកវិទ្យា 5G របស់ចិន ប៉ុន្តែទំនងជានឹងមានការប្រឆាំងពីក្រសួងកិច្ចការឌីជីថល៕