(ម៉ានីល)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលពីន Dynamic Herb Cebu FC ដោយលទ្ធផល ៣-០ មុននេះបន្ដិច ក្នុងជំនួបបើកឆាកពូលF នៃពានរង្វាន់ក្លិបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2023/24 នៅកីឡដ្ឋាន Rizal Memorial នារដ្ឋធានីម៉ានីល ។

ការប្រកួតដែលចាប់ផ្ដើមនាម៉ោង ៧យប់(ម៉ោងនៅកម្ពុជា) កីឡាករជប៉ុន Shimizu Shintaro បានតែតគ្រាប់នាំមុខឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា នាំមុខក្រុមជើងឯករងលីគហ្វីលីពីន ១គ្រាប់មុន នៅចុងវគ្គទី១ ។ បន្ទាប់មកភ្នំពេញក្រោន ក៏បានបន្ថែម ២គ្រាប់ទៀត នៅវគ្គទី២ ដោយប្រធានក្រុម អ៊ន ចាន់ប៊ូលីន នៅនាទី៥៤ និងកីឡាករ Andres Nieto នៅនាទី៨៤ ដើម្បីធានាជ័យជម្នះតែម្ដង ។

ជាមួយការរកបាន ៣ពិន្ទុពេញពីការប្រកួតដំបូងនេះ បានធ្វើឲ្យក្រុមសិង្ហក្រហមភ្នំពេញក្រោន ឈរកំពូលតារាងពូលF ជាបណ្ដោះអាសន្ន សម្រាប់វគ្គជម្រុះពានរង្វាន់ AFC Cup 2023/24 ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ មុនបើកទ្វារផ្ទះស្វាគមន៍ក្រុម Shan United របស់មីយ៉ាន់ម៉ាវិញម្ដង ក្នុងប្រកួតទី២ នៅកីឡដ្ឋាន Smart RSN នាថ្ងៃទី០៥ ខែតុលាខាងមុខ ។

គួរដឹងថា វគ្គចែកពូល នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីខាងលើ ក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូល F ជាមួយក្រុម Dyanamic Herb Cebu FC មកពីហ្វីលីពីន, ក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Macarthur FC មកពីអូស្ដ្រាលី ។ ចំពោះរូបមន្ដការប្រកួត នឹងធ្វើការប្រកួតវិលជុំ ២ជើង ដើម្បីកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ ។

តាមរយៈលទ្ធផលប្រកួតបើកឆាកពូល F ក្រុមភ្នំពេញក្រោន និងក្រុម Macarthur FC មាន ៣ពិន្ទុស្មើគ្នា ដែលក្រុមមកពីអូស្តា្រលី បានយកឈ្នះក្រុមមកពីមីយ៉ាន់ម៉ា Shan United ៣-០ ដូចគ្នានេះផងដែរ៕