(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូ អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC អញ្ជើញទៅដល់ទីក្រុង Hangzhou ប្រទេសចិនដោយសុវត្ថិភាពហើយ នៅល្ងាចថ្ងៃទី២១ ខែកញ្ញានេះ ដើម្បីត្រៀមចូលរួមពិធីបើកការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ ជាផ្លូវការ នាល្ងាចថ្ងៃទី២៣ ខែកញ្ញាចុងសប្ដាហ៍នេះ ។

បេសកកម្មដឹកនាំដោយប្រតិភូកីឡាជាន់ខ្ពស់របស់កម្ពុជា ក៏មានការរួមចំណែកពីអត្តពលិក ២ប្រភេទកីឡាដែរ រួមមានកីឡាតេក្វាន់ដូ WT និងកីឡាយូដូ ដែលបានចាកចេញពីមាតុភូមិ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីចូលជួបសម្ដែងការគួរសម ជម្រាបលា និងទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីម្សិលមិញ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou នឹងចាប់ផ្ដើមការប្រកួតផ្លូវពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលាខាងមុខ ដោយកម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាទៅចូលរួម រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ៕