(កូរ៉េ)៖ ពានរង្វាន់ «MAMA Awards» ដែលជាពានរង្វាន់តន្ត្រីប្រចាំឆ្នាំដ៏ធំបំផុតរបស់ឧស្សាហកម្ម K-pop នឹងប្រារព្ធឡើងនៅទីក្រុងតូក្យូក្នុងខែវិច្ឆិកា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Times នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង២៩ ខែវិច្ឆិកានៅ Tokyo Dome ដែលធ្វើឲ្យវាក្លាយជាកម្មវិធី ប្រគល់ពានរង្វាន់តន្ត្រីកូរ៉េដំបូងគេ ដែលប្រារព្ធឡើងនៅទីកន្លែងប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប Mnet ផ្ទាល់។ Tokyo Dome គឺជាកន្លែងដ៏ធំសម្រាប់ការប្រគំតន្ត្រី ដែលអាចផ្ទុកអ្នកទស្សនាបានប្រហែល ៥០,០០០នាក់។ Tokyo Dome ត្រូវបានគេស្គាល់ថាជា កន្លែងក្នុងក្តីសុបិន សម្រាប់តារាចម្រៀង។

ចាប់ផ្តើមបើកដំណើរការក្នុងឆ្នាំ១៩៩៩ ក្នុងឈ្មោះជា «Mnet Video Music Awards» ត្រូវបានមហាជនទូទៅដឹងថា ជាពិធីប្រគល់ពានរង្វាន់ដំបូងរបស់ប្រទេសកូរ៉េ ដែលផ្តោតលើវីដេអូតន្ត្រី ហើយព្រឹត្តិការណ៍នេះបានប្តូរឈ្មោះទៅជា «Mnet Asian Music Awards» វិញ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ ការយកចិត្តទុកដាក់របស់ខ្លួនចំពោះតន្ត្រី ហើយបានចាប់ផ្តើមបង្ហាញពានរង្វាន់ នៅក្នុងតំបន់អាស៊ីផ្សេងទៀត ដូចជាម៉ាកាវ សិង្ហបូរី ហុងកុង វៀតណាម និងជប៉ុន ក្នុងឆ្នាំ២០០៩។

គួរជម្រាបថា កម្មវិធីនេះ កាលពីឆ្នាំមុនត្រូវបានប្រារព្ធឡើងនៅឯ Kyosera Dome ក្នុងទីក្រុង Osaka ក្រោមឈ្មោះថ្មីគឺ «MAMA Awards»។ ពិធីប្រគល់រង្វាន់នឹងត្រូវបានផ្សាយផ្ទាល់ នៅលើបណ្តាញអនឡាញធំៗ រួមទាំង YouTube ផងដែរ សម្រាប់ឆ្នាំនេះ៕