(ហាំងចូវ)៖ ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា បានអស់ឱកាសឡើងវគ្គបន្ដ នៃការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិនហើយ ក្រោយបន្ដបរាជ័យក្រោមថ្វីដៃក្រុមខ្លាំងកូរ៉េខាងត្បូង ៣-០ (សិត) មុននេះបន្ដិច នៅទីលាន Linping Sports Centre Gymnasium នាទីក្រុង Hangzhou ។

ការប្រកួតទី២ ក្នុងពូល C នេះផងដែរ សម្រាប់ប្រកួតសិតទី១ ក្រុមបាល់ទះកម្ពុជា ធ្វើបានល្អប្រសើរ ជាមួយពិន្ទុដ៏ប្រកៀកប្រកិតគ្នា មុនក្រុមកូរ៉េខាងត្បូង ទទួលបានជ័យជម្នះ ២៥-២៣ពិន្ទុ, ប៉ុន្ដែសិតទី២ និងសិតទី៣ ក្រុមចំណាត់ថ្នាក់លេខ២៧ លើពិភពលោក (កូរ៉េខាងត្បូង) បានបន្ដយកឈ្នះទៀត ក្នុងលំដាប់ពិន្ទុ ២៥-១៣ និង ២៥-១៥ ដែលនាំឲ្យកម្ពុជា អស់ឱកាសឡើងវគ្គបន្ដតែម្ដង បន្ទាប់ពីប្រកួតបើកឆាកចាញ់ឥណ្ឌា ៣-០ (សិត) កាលពីថ្ងៃអង្គារកន្លងទៅ ។

ក្រោយការប្រកួតបញ្ចប់ពូលនេះ ក្រុមជម្រើសជាតិឥណ្ឌា បានឈរលេខ១ ក្នុងពូល C ក្រោយឈ្នះ ២ប្រកួតជាប់ៗគ្នា គ្រាដែលកូរ៉េខាងត្បូង ឈរលេខ២ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ មុនដឹកដៃគ្នាឡើងវគ្គ ១២ក្រុមចុងក្រោយ ។ ចំណែកក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា គឺបានបញ្ចប់បេសកកម្មរបស់ខ្លួន ត្រឹមលេខលេខរៀងទី៣ ប៉ុណ្ណោះ ។

សូមរំឮកថា នេះគឺជាការបង្ហាញខ្លួនលើកដំបូង សម្រាប់រយៈពេល ៥៣ឆ្នាំចុងក្រោយ របស់ក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា បន្ទាប់ពីបង្ហាញខ្លួនលើកចុងក្រោយ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ នៃការប្រកួតកីឡាអាស៊ី លើកទី៦ ឆ្នាំ១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ ៕