(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះហ្វីលពីន Dynamic Herb Cebu FC នាវេលាម៉ោង ៧យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី២១ ខែកញ្ញានេះ ក្នុងជំនួបបើកឆាកពូល F នៃពានរង្វាន់ក្លិបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2023/24 នៅកីឡដ្ឋាន Rizal Memorial នារដ្ឋធានីម៉ានីល។

នេះគឺជាការប្រកួតវគ្គចែកពូលដំបូងរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា ក្រោយឆ្លងកាត់វគ្គជម្រុះ ២ដំណាក់កាលកន្លងមក បន្ទាប់ពីភ្នំពេញក្រោន បានទម្លាក់ក្រុមឡាវ Young Elephants FC ក្នុងវគ្គជម្រុះបឋម (Preliminary Stage) និងក្រុមសិង្ហបុរី Tampines Rover FC ក្នុងវគ្គ Play-Off កាលពីខែសីហាកន្លងទៅ ។

ថ្លែងមុនការប្រកួត លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានបង្ហាញសុទិដ្ឋិនិយម ចំពោះកូនក្រុមរបស់ខ្លួន នឹងធ្វើបានល្អក្នុងការប្រកួតដ៏សំខាន់នេះ បន្ទាប់ពីមានការត្រៀមខ្លួនអស់រយៈពេលជាយូរ ដើម្បីឈានមកដល់វគ្គនេះ ។ លោករំពឹងថា ក្រុមខ្លួននឹងអាចទទួលបាន ៣ពិន្ទុពីការប្រកួតបើឆាកពូល F នេះ ។

គួរដឹងថា វគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023/24 ក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូល F ជាមួយក្រុម Dyanamic Herb Cebu FC មកពីហ្វីលីពីន, ក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Macarthur FC មកពីអូស្ដ្រាលី ។ ចំពោះរូបមន្ដការប្រកួត នឹងធ្វើការប្រកួតវិលជុំ ២ជើង ដើម្បីកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ ៕