(កូរ៉េ)៖ ក្រុមហ៊ុន Hybe បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ថាសមាជិកទាំងប្រាំពីរនាក់នៃក្រុម BTS បានបន្តកិច្ចសន្យាការងាររបស់ពួកគេជាមួយភ្នាក់ងារ Hybe ខណៈបច្ចុបន្នក្រុមនេះកំពុងសម្រាកសកម្មភាពជាក្រុម ត្បិតមានសមាជិកជាបន្តបន្ទាប់ ត្រូវបំពេញកាតព្វកិច្ចយោធារបស់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១៣ ក្រុម BTS ត្រូវបានគេដឹងថាបង្កើតប្រាក់រាប់ពាន់លានដុល្លារសម្រាប់ប្រទេសរបស់ពួកគេ ក៏ដូចជាការលើកកម្ពស់សិល្បៈ វប្បធម៌របស់ប្រទេសកូរ៉េខាងត្បូង ដែលឥឡូវនេះត្រូវគេចាត់ទុកថា ជាមហាអំណាចវប្បធម៌ពិភពលោក។ ត្បិតសកម្មភាពជាក្រុមរបស់ពួកគេ បានផ្អាកមួយរយៈពេលក្តី តែមានរបាយការណ៍ក្នុងស្រុកបាននិយាយថា ក្រុមតន្រ្តីនេះអាចជួបជុំគ្នាឡើងវិញនៅប្រហែលឆ្នាំ២០២៥ នៅពេលដែលសមាជិកទាំងប្រាំពីរនាក់ នឹងបានបញ្ចប់ការបម្រើក្នុងជួរកងទ័ព។

គួរជម្រាបថា ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេកាលពី ១០ឆ្នាំមុន ក្រុមនេះបានបន្តកិច្ចសន្យារបស់ពួកគេជាមួយ Hybe នៅឆ្នាំ២០១៨ ដែលនឹងផុតកំណត់នៅឆ្នាំ២០២៤។ ក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតអំពីរយៈពេលនៃកិច្ចសន្យាថ្មី ឬពេលណាដែលពួកគេនឹងផុតកំណត់នោះទេ ប៉ុន្តែការប្រកាសចុងក្រោយនេះបង្ហាញថាសមាជិកទាំងប្រាំពីរនាក់ នៃក្រុមទំនងជានឹងនៅជាមួយក្រុមហ៊ុននេះដដែល ទោះបីជាពួកគេបានបញ្ចប់ការបម្រើយោធាក៏ដោយ៕