(ឡុងដ៍)៖ ក្រុមប្រណាំងរថយន្ត McLaren បានបន្តកិច្ចសន្យារបស់ពួកគេ ជាមួយកីឡាករចំណូលថ្មី សញ្ជាតិអូស្ត្រាលី Oscar Piastri មានរយៈពេលរហូតដល់ដាច់ឆ្នាំ២០២៦ ខាងមុខ ខណៈកិច្ចសន្យាបច្ចុប្បន្ននឹងផុតនៅឆ្នាំ២០២៥ ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

កីឡាករវ័យមាន ២២ឆ្នាំរូបនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ ជាមួយកីឡាករមិត្តរួមក្រុមសញ្ជាតិអង់គ្លេស Lando Norris ក្នុងរដូវកាលនេះ ជាមួយនឹងការបើកបរ ដែលអាចឲ្យលោកក្លាយជាអ្នកបើកបរឆ្នើមមួយរូប នៅពេលអនាគត។

ប្រធានក្រុម McLaren លោក Andrea Stella បានលើកឡើងថា «ការរក្សាទុក Piastri ដែលជាកីឡាករទី១១ ក្នុងការប្រកួតពានរង្វាន់ជើងឯករបស់អ្នកបើកបរនោះ គឺជាការសម្រេចចិត្តដ៏ងាយស្រួល សម្រាប់ក្រុមក្នុងការធ្វើឡើង»

រំលឹកផងថា ការប្រណាំងនៅកម្មវីធីជុំទី១៦ នៅទឹកដីអាស៊ី ប្រទេសសិង្ហបុរី Singapore Grand Prix 2023 រូបគេរកបាន ៦ពិន្ទុ នឹងបញ្ចប់នៅចំណាត់ថ្នាក់លេខរៀងទី៧ ដែលមិត្តរួមក្រុម Lando Norris យកបានលេខ២៕