(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី មិនបានចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន នោះទេ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខាងលើ បានបញ្ជាក់ថា ដោយសារកត្ដាផ្ទាល់ខ្លួន គួបផ្សំ ខាន់ ចេសា ត្រូវចូលរួមប្រកួតកម្មវិធី ONE Fight Night 14 នៅលើសង្វៀន ONE Championship នៅប្រទេសសិង្ហបុរី នាចុងខែនេះផងទើបធ្វើឲ្យនាងខកខានចូលរួមប្រកួតការពារមេដាយមាសកីឡាអាស៊ី នៅប្រទេសចិន។

លោក វ៉ាត់ ចំរើន បន្ដថា «យើងមានការសោកស្ដាយ ដែលកីឡាការិនី ខាន់ ចេសា មិនបានចូលរួមប្រកួត(Asian Games) ដោយសារតែមានបញ្ហាសុខភាព ក៏ដូចជាការប្រកួតជាន់គ្នា កៀកពេកនឹងការប្រកួតនៅ ONE Championship នៅសិង្ហបុរី ។ អ៊ីចឹងរឿងនេះ ក៏មានការទទួលខុសត្រូវមួយដែរ ដោយយើងបានធ្វើការទំនាក់ទំនងជាប់ជាមួយគ្នា ប៉ុន្ដែនេះជាការសម្រេចចិត្តរបស់សាមីខ្លួនផ្ទាល់ មិនមានអ្វីប៉ះពាល់ដល់ការងារ ឬដំណើរការនៃការចូលរួមនោះទេ គ្រាន់តែយើងមានការសោកស្ដាយ ដែលមិនបានកីឡាការិនីល្អរបស់យើងចូលរួមប្រកួតនៅពេលនេះ» ។

លោកបន្ថែមថា «ពេលនេះ យើងធ្វើការសម្របសម្រួលគ្នារួចហើយ ទាំងភាគីម្ចាស់ផ្ទះ ក៏ដូចជានៅទីនេះ ។ ប៉ុន្ដែយើងនៅតែជំរុញប្រភេទកីឡាផ្សេងៗ សម្រាប់ប្រកួតកីឡាអាស៊ីនាពេលខាងមុខ ឲ្យខិតខំអស់ពីសមត្ថភាព ។ យើងដឹងហើយថា កីឡាដែលឈានដល់កម្រិតពិភពលោករបស់យើង មិនត្រូវបានម្ចាស់ផ្ទះ ដាក់ក្នុងការប្រកួតខ្លះ ដូចជាម៉ូតូទឹកជាដើម...។ យើងចង់បានរក្សានូវតម្លៃនៃការប្រកួតមុនៗ និងចង់ឲ្យកម្រិតបច្ចេកទេស គុណផលកីឡាករ-កីឡាការិនីរបស់យើងឲ្យបានល្អប្រសើរ បន្ទាប់ពីស៊ីហ្គេមផងដែរ» ។

គួរដឹងថា កីឡាការិនីកូនកាត់ ៣សាសន៍ ខាន់ ចេសា បានចូលរួមប្រកួតកីឡាអាស៊ីលើកដំបូង កាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ដោយដណ្ដើមបានមេដាយមាស មុនបន្ដដំណើរយកបានមេដាយមាសកីឡាស៊ីហ្គេម ២សម័យកាល ក្នុងឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ត្រឡប់មកកាន់ការប្រកួតចំពោះមុខវិញ ដ្បិត ចេសា ខកខានចូលរួមប្រកួតការពារមេដាយមាសរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅចិន ក៏ប៉ុន្តែនៅថ្ងៃទី៣០ ខែកញ្ញានេះ នាងនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរីផងដែរ៕