(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាទូទៅ រមែងតែងតែទទួលស្គាល់ក្នុងចិត្តថា ប្រទេសអូស្រ្តាលី គឺជាប្រទេសមួយ ដែលមានកម្មវិធីសិក្សា/ប្រព័ន្ធអប់រំដ៏ល្អ និងល្បីល្បាញលំដាប់ពិភពលោក សម្រាប់យើងទាំងអស់គ្នា។

មានសាលារៀនឯកជនអន្តរជាតិ ចំនួន៥ នៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ និងប្រើប្រាស់កម្មវិធីសិក្សាចំណេះទូទៅ ស្តង់ដារសាលារដ្ឋប្រទេសអូស្រ្តាលីខាងលិច ពីថ្នាក់មត្តេយ្យ-ទី១២ ពីឆ្នាំសិក្សា 2023-2024 គឺ៖

១៖ សាលាប៉ាម៉ាអន្តរជាតិ PAMA International School នៅក្រុងព្រះសីហនុ, ទំនាក់ទំនងព័ត៌មាន៖ 010 / 077 616 777
២៖ សាលាអន្តរជាតិ Cambridge International School of Cambodia នៅរាជធានីភ្នំពេញ, ទំនាក់ទំនងព័ត៌មាន៖ 𝟬𝟭𝟲 𝟰𝟵𝟵 𝟱𝟵𝟵 / 𝟬𝟭𝟮 𝟴𝟳𝟱 𝟮𝟮𝟮
៣៖ សាលាអន្តរជាតិ Asia-Pacific Fredfort នៅរាជធានីភ្នំពេញ, ទំនាក់ទំនងព័ត៌មាន៖ 023 432 449 / 011 979 079
៤៖ សាលាអន្តរជាតិ Westland នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល, ទំនាក់ទំនងព័ត៌មាន៖ 017 52 7777 / 024 6666 888
៥៖ សាលាអន្តរជាតិហ្គោលដិនប្រ៊ីដភ្នំពេញ នៅរាជធានីភ្នំពេញ, ទំនាក់ទំនងព័ត៌មាន៖ 076 5000 988។

សូមជម្រាបថា រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានប្រគល់អាជ្ញាបណ្ណទទួលសិទ្ធិប្រតិបត្តិការកម្មវិធីសិក្សាWAC/SCSA របស់ប្រទេសអូស្រ្តាលី ដល់សាលាទាំងនេះ។

សារពីស្ថានទូតអូស្រ្តាលី មានខ្លឹមសារថា «សូមអបអរសាទរសាលាទាំង៥ នៅកម្ពុជា ដែលទទួលស្គាល់ជាផ្លូវការឱ្យប្រើកម្មវិធីសិក្សាប្រទេសអូស្ត្រាលីខាងលិច។ កម្មវិធីសិក្សា ពីកម្រិតថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ នៃប្រទេសអូស្ត្រាលី មានភាពល្បីល្បាញទូទាំងពិភពលោក ដោយសារតែមានបញ្ចូលនូវវិធីសាស្រ្តគិតឆ្ពោះទៅមុខ ដែលផ្តល់សិទ្ធិអំណាចដល់សិស្សានុសិស្ស ឱ្យក្លាយជាអ្នកសិក្សាសកម្ម មានសមត្ថភាពគិតពិចារណា ពីបញ្ហាស្មុគស្មាញនានា និងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ ការនាំយក កម្មវិធីសិក្សារបស់ប្រទេសអូស្ត្រាលីខាងលិច មកបង្រៀននៅតាមសាលានៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងអប់រំរបស់យើងកាន់តែមានភាពរឹងមាំ។ យើងសូមជូនពរ ឱ្យសាលាទាំងនេះ ជួបតែសំណាងល្អក្នុងដំណើរការបណ្តុះបណ្តាលកម្មវិធីសិក្សារបស់ពួកគេ!»

ក្រុមគណៈគ្រប់គ្រងសាលាប៉ាម៉ាអន្តរជាតិ បានឱ្យដឹងថា សាលាPAMAអន្តរជាតិ ក៏ដូចជាសាលាអន្តរជាតិទាំង ៥ផ្សេងទៀត ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់អនុវត្តកម្មវិធីនេះ ហើយបាន និងកំពុងបង្កើនគុណភាពលក្ខណៈសម្បត្តិរបស់ខ្លួនបន្ថែមទៀត តាមការចង្អុលបង្ហាញរបស់អ្នកជំនាញការនៃប្រព័ន្ធអប់រំពីប្រទេសអូស្រ្តាលី ដើម្បីប្រតិបត្តិការក្នុងដំណើរការបង្រៀន និងរៀនឱ្យទទួលបានលទ្ធផលល្អប្រសើរ ដូចភាពល្បីល្បាញនៃប្រព័ន្ធអប់រំរបស់ប្រទេសអូស្រ្តាលីពិតៗ និងស្របតាមក្តីស្រមៃពិតនៃមាតាបិតាសិស្ស ដែលចុះឈ្មោះកូនឱ្យរៀនកម្មិវធីសិក្សាស្តង់ដារសាលារដ្ឋប្រទេសអូស្រ្តាលី (WAC/SCSA)មួយនេះ។

ប្រធានគណៈគ្រប់គ្រងសាលាប៉ាម៉ាអន្តរជាតិ បានបញ្ជាក់ថា «នៅប្រទេសកម្ពុជាយើង អ្នករស់នៅតាមខេត្តឆ្ងាយពីរាជធានីភ្នំពេញដែលមានសំណាងរៀនកម្មវិធីនេះមុនគេបំផុត គឺមានតែអ្នកនៅក្នុងខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានឱកាស និងសិទ្ធិបង្រៀនកម្មវិធីWAC/SCSA នៃប្រទេសអូស្រ្តាលីខាងលិច»

លោកបញ្ជាក់ទៀតថា ព្រោះតែរាជរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាព សន្តិភាព និងភាពរីកចម្រើន តាមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃនៃ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងនីតិកាលទី៧ រដ្ឋសភា ជាហេតុនាំឱ្យលោកមានពេលគិតគូរ អំពីកម្មវិធីសិក្សាមានគុណភាពកាន់តែខ្លាំងទាំងក្នុងក្របខណ្ឌជាតិ-អន្តរជាតិ និងរហូតធ្វើឱ្យសាលាPAMAអន្តរជាតិ អាចទទួលបានសិទ្ធិបង្រៀន កម្មវិធីសិក្សាស្តង់ដារសាលារដ្ឋ នៃប្រទេសអូស្រ្តាលីខាងលិច លំដាប់ពិភពលោកដ៏ល្បីល្បាញមួយនេះ ជូនកូនចៅបងប្អូនប្រពលរដ្ឋ នៅខេត្តព្រះសីហនុយើង។

លោកប្រធានគណៈគ្រប់គ្រងសាលាប៉ាម៉ាអន្តរជាតិ បានផ្តាំផ្ញើថា «អំណេះតទៅ មាតាបិតា ដែលមានសេចក្តីប្រាថ្នា ចង់ឱ្យកូនរៀនមានសមត្ថភាពពិតប្រាកដនៅក្នុងក្រុងព្រះសីហនុ ហើយមានចំណេះដូចរៀននៅអូស្រ្តាលី គឺអាចជ្រើសរើសរៀននៅសាលាប៉ាម៉ាអន្តរជាតិបាន ដោយលែងខ្វល់នឹងការបញ្ជូនកូនទៅស្នាក់នៅរាជធានីភ្នំពេញ ដើម្បីរៀនកម្មវិធីWAC/SCSAអូស្រ្តាលីទៀហើយ ពោលគឺសាលាអាចជួយឱ្យ សិស្សមានអត្តចរិតវិជ្ជមាន ចេះគិតគូវែងឆ្ងាយ និងមានក្តីស្រមៃក្លាយបុគ្គលឆ្នើម»

លោកបន្តថា រៀងរាល់ឆមាស គឺមានរបាយការណ៍បញ្ជាក់លទ្ធផលសិក្សាពីរដ្ឋាភិបាលអូស្រ្តាលីខាងលិច ដែលសិស្សអាចប្រើវាតាមតម្រូវការរបស់ខ្លួន ដើម្បីទៅរៀននៅសាលាដូចខាងលើ ទៅរៀននៅប្រទេសអូស្រ្តាលីបាន ដោយបន្តការសិក្សាទៅមុខតែម្តង ព្រោះបន្ទាប់ពីចូលរៀននៅសាលាណាមួយខាងលើ ពួកគេនឹងមានឈ្មោះក្នុងគល់បញ្ជី នៅរដ្ឋាភិបាលប្រទេសអូស្រ្តាលីដែរ។ សិស្ស ដែលរៀននៅសាលាPAMAអន្តរជាតិ នឹងទទួលបានសញ្ញាបត្រចំនួនពីរ គឺមួយបានពី រដ្ឋាភិបាលប្រទេសអូស្រ្តាលីខាងលិច ហើយមួយទៀតពីក្រសួងអប់រំ យុវជន និងកីឡា ប្រទេសកម្ពុជាយើង។

ព័ត៌មានលម្អិត សូមទាក់ទង៖ 012/016 491 777; 010/077 616 777៕