(ភ្នំពេញ)៖ កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី បានទទួលបទពិសោធន៍ថ្មីដ៏ល្អ ក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ នៅប្រទេសស៊ែប៊ី មុនចូលរួមប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាពេលឆាប់ៗខាងមុខ ។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នកដឹកនាំ ស៊ូ បាលី ដោយផ្ទាល់ បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនកីឡាករចំបាប់ចូលរួមប្រកួតជើងឯកពិភពលោក ដើម្បីប្រជែងមេដាយផង និងសិទ្ធចូលរួមប្រកួតកីឡាអូឡាំពិកផង ។

ជាមួយការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ស៊ូ បាលី បានឆ្លងកាត់ ២ប្រកួត ដោយប្រកួតទី១ បានចាញ់កីឡាករហ្ស៊កហ្ស៊ី Geno Petriashvili ម្ចាស់មេដាយអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន ដោយលទ្ធផលពិន្ទុ ៩-៣ និងប្រកួតទី២ ចាញ់ជើងខ្លាំងរុស្ស៊ី Abdulla Kurbanov ដោយពិន្ទុ ១១-១ ។

យោងតាមលទ្ធផលនេះ លោក ខេស៊ី ថា មិនអាក្រក់ពេកនោះទេ តែជាលទ្ធផលសមរម្យមួយ អាចទទួលយកបាន ដ្បិតជាការចូលរួមលើកដំបូង ហើយប៉ះសុទ្ធតែកីឡាករខ្លាំងៗ ដូចជាជើងឯកជាតិរុស្ស៊ី និងម្ចាស់មេដាយមាសអូឡាំពិកជាដើម។

ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ដដែលបន្ដថា «នេះជាលើកដំបូងសម្រាប់កម្ពុជា ដែលបានចូលរួមប្រកួតជើងឯកពិភពលោក។ យើងបានប្រយុទ្ធយ៉ាងល្អ និងឈ្នះពិន្ទុជាមួយនឹងម្ចាស់ជើងឯកពិភពលោក, វាជាបទពិសោធន៍ដ៏ល្អ ហើយនឹងជួយយើងអភិវឌ្ឍសម្រាប់ Asian Games នៅប្រទេសចិន ក្នុងរយៈពេល ២សប្ដាហ៍ខាងមុខ»

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតជើងឯកពិភពលោកខាងលើ កីឡការ ស៊ូ បាលី នឹងត្រូវរួមដំណើរជាមួយប្រតិភូ និងកីឡាករ-កីឡាការិនីចំបាប់ ១៦នាក់ផ្សេងទៀត ចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ នៅចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ដ្បិតព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ កម្ពុជាត្រៀមបញ្ជូនអត្តពលិកសរុប ១៧ប្រភេទកីឡាចូលរួម៕