(ម៉ាឌ្រីត)៖ ក្រុម Real Madrid ស្ថិតក្នុងលីគអេស្ប៉ាញ La Liga រដូវកាលនេះ ពេលនេះបានចាប់ផ្តើមយ៉ាងល្អ ១០០ភាគរយ ក្នុងចំណោមការលេងមិនចាញ់សោះនៃ ៥ប្រកួតដំបូងរបស់ពួកគេ ដោយបានឈរកំពូលតារាងរកបាន ១៥ពិន្ទុពេញ ក្រោយពេលវាយបកយកឈ្នះលើក្រុម Real Socieded ២-១ ខណៈក្រុម FC Barcelona បំបាក់ក្រុម Real Betis ៥-០ នៃសប្តាហ៍ទី៥។

ក្រុមដឹកនាំដោយលោក Carlo Ancelotti បានបើកការតាមស្មើមកវិញ ពីការធ្វើបានសម្រេចដោយកីឡាករ Federico Valverde នៅនាទី៤៦ និងមិត្តរួមក្រុម Joselu ស៊ុតគ្រាប់ជ័យជម្នះនៅនាទី៦០ ក្រោយពេលគូរប្រជែង Real Sociedad ស៊ុតនាំមុខដោយកីឡាករ Barrenetxea តាំងពីនាទី៥ វគ្គទី១ ក្នុងកីឡដ្ឋាន Santiago Bernabeu។

បញ្ជាក់ផងថា ជាបណ្តោះអាសន្ន Real Madrid កំពុងឈរនាំមុខលើកំពូលតារាងលីគ La Liga រដូវកាលនេះ ក្រោយឆ្លងកាត់ ៥ប្រកួតរកបាន ១៥ពិន្ទុពេញ ដោយមានក្រុមការពារតំណែងជើងឯក FC Barcelona តាមពីក្រោយរកបាន ១៣ពិន្ទុក្នុងជើងទី១ ហើយនៅសប្តាហ៍ទី៦ ក្រុម Real Madrid ជួបក្រុម Atletico Madrid ខណៈ Barcelona ប៉ះក្រុម Celta Vigo ក្រោយពេលពួកគេឆ្លងកាត់ប្រកួតវគ្គចែកពូល Champions League៕