(កូរ៉េ)៖ តារាចម្រៀង Suga សមាជិកក្រុម BTS ត្រូវបានរាយការណ៍មកថា នឹងចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី២២ខាងមុខនេះ។ ប្រការនេះបានធ្វើឲ្យលោក Suga វ័យ៣០ឆ្នាំ ក្លាយជាសមាជិកទី៣របស់ក្រុម BTS ដែលចូលបម្រើជួរកងទ័ព បន្ទាប់ពី Jin និង J-Hope។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

មិនដូច Jin និង J-Hope ទេ កាសែតកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថា Suga ទំនងជាមិនបំពេញកាព្វកិច្ចរបស់ខ្លួនក្នុងជួយកងទ័ពដូចបុរសដទៃឡើយ ដោយសារតែបញ្ហាសុខភាព។ ដែលមូលហេតុនេះ គឺអាចបណ្តាលមកពីការវះកាត់ដែលលោកឆ្លងកាត់កាលពីឆ្នាំ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ BigHit បានជំរុញអ្នកគាំទ្រ BTS កុំឱ្យទៅកន្លែងបំពេញកាតព្វកិច្ចរបស់ Suga ជាញឹកញាប់ក្នុងអំឡុងពេលបម្រើជាកងទ័ពរបស់លោក។

គួរជម្រាបថា Suga ជាសមាជិកទី៣របស់ក្រុម BTS ដែលចូលបម្រើជួរកងទ័ព បន្ទាប់ពី Jin វ័យ៣០ឆ្នាំ ដែលបានចូលកងទ័ពដំបូងគេកាលពីខែធ្នូ ឆ្នាំ២០២២ និង J-Hope វ័យ២៩ឆ្នាំ ជាសមាជិកទី២ បានចូលយោធានៅអំឡុងខែមេសា ឆ្នាំ២០២៣៕