(អាសាន់ស៊ីរ៉ុន)៖ លោក Guillermo Barros Schelotto ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិប៉ារ៉ាហ្គាយ បន្ទាប់ពីការចាប់ផ្តើមបានមិនល្អចំពោះការប្រកួតវគ្គជម្រុះប្រចាំទ្វីបអាមេរិកខាងត្បូង សម្រាប់ព្រឹត្តិការណ៍ World Cup 2026។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

លទ្ធផលស្មើ ០-០ ជាមួយក្រុមប៉េរូ និងការប្រកួតចាញ់ ១-០ ក្នុងពេលប៉ះវេណេស៊ុយអេឡា នៅក្នុងការប្រកួតជម្រុះបើកឆាកចំនួន ២លើករបស់ពួកគេ សម្រាប់ការឆ្ពោះទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup 2026 នោះ បាននាំឲ្យបុរសសញ្ជាតិអាហ្សង់ទីនរូបនេះ បាត់បង់ការងាររបស់ខ្លួន បន្ទាប់ពីដឹកនាំបានជិត២ឆ្នាំ ក្រោយពេលលោកបានបន្តតំណែងពីលោក Eduardo Berizzo ដែលមានសញ្ជាតិអាហ្សង់ទីនដូចគ្នា កាលពីខែតុលា ឆ្នាំ២០២១ និងបានឈ្នះ ៤ប្រកួតក្នុងចំណោម ១៧ប្រកួត ដែលលោកបានដឹកនាំ។

សូមជម្រាបថា ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ ដែលបានបង្ហាញខ្លួនលើកចុងក្រោយ ក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីឆ្នាំ២០១០នោះ ហើយបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៦ ទើបរកបាន ១ពិន្ទុ ក្នុងការប្រកួតជម្រុះប្រចាំទ្វីបអាមេរិកខាងត្បូងដែលមាន ១០ប្រទេស ដោយប្រកួតបន្ទាប់ត្រូវជួបក្រុមអាហ្សង់ទីន ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំ២០២២៕