(ភ្នំពេញ)​៖ សាលារៀនខូលីងវូដភ្នំពេញ(CSPP)បានរៀបចំកម្មវិធីចែកវិញ្ញាបនបត្រ និងបណ្ណសរសើរដល់សិស្សពូកែ ដែលបានបញ្ចប់កម្មវិធីសិក្សា ក្នុងឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសកលវិទ្យាល័យអាមេរិកាំង (AUPP)។

CSPP បានចែកវិញ្ញាបនបត្រដល់សិស្សថ្នាក់ទី៦ ថ្នាក់៩ និងថ្នាក់ទី១២ ចំនួន៦៤នាក់ និងបណ្ណសរសើរដល់សិស្សពូកែដែលមានចំណាត់ចាប់ពីលេខ១ដល់លេខ៥ ចំនួន៦០នាក់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដើម្បីលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលបានខិតខំរៀនសូត្រកន្លងមក។ ក្នុងពិធីនេះក្រុមសិស្សានុសិស្សរបស់CSPPពីថ្នាក់ Computer Science and Robotics បានឡើងធ្វើបទបង្ហាញអំពី ប្រព័ន្ធការពារនៅក្នុងអគារសិក្សា។ ប្រព័ន្ធទំនើបនេះគឺជាApplicationបង្កើតឡើងដោយការសរសេរបច្ចេកវិទ្យាកូដ (CODING) ដើម្បីផ្តល់សញ្ញាអាសន្នពីការរញ្ចួយដី។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី បានឧបត្តម្ភ កុំព្យូទ័រយូរដៃ (Laptop) ដល់សិស្សពូកែម្នាក់មួយគ្រឿងដើម្បីលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តខិតខំសិស្សាថែមទៀត។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានផ្តាំផ្ញើរដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្របានពូកែ គោរពវិន័យឱ្យបានល្អ មានសីលធម៌ល្អ ឧស្សាហ៍ព្យាយាម ចេះធ្វើការជាក្រុម និងរៀនសូត្រភាពជាអ្នកដឹកនាំ។

CSPP បានចាប់ដំណើរតាំងពីឆ្នាំ២០១៧ ហើយគឺជាគ្រឹះស្ថានសិក្សាឯកជន ដែលបង្រៀនតាមកម្មវិធីសិក្សាចំណះដឹងទូទៅ ពេញមួយថ្ងៃ ដោយមានបន្ថែមផ្នែកភាសាអង់គ្លេស STEM និងថ្នាក់កុំព្យូទ័រ ដើម្បីផ្តល់ចំណេះដឹងពិតៗដល់សិស្សានុសិស្ស។ CSPP បានយកចិត្តទុកដាក់បញ្ជូនសិស្សពូកែ ផ្នែកគណិតវិទ្យា និងអក្សរសាស្រ្តខ្មែរ ទៅចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស និងប្រកួតប្រជែងសរសេរកូដគំរូ STEM ជាមួយកម្មវិធី Kid-KATHON ផងដែរ។ ជារៀងរាល់ឆ្នាំ សម្រាប់ការប្រឡងបាក់ឌុប សិស្សានុសិស្សដែលរៀននៅCSPPតែងតែប្រឡងជាប់និទ្ទេស A ជាច្រើននាក់។

សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ CSPPមានបង្រៀនចាប់ពីថ្នាក់មត្តេយ្យកម្រិត K3 ថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងមានអគារសិក្សាថ្មីបំពាក់បរិក្ខារទំនើបនឹងចាប់បើកដំណើរការនៅខែវិច្ឆិកាខាងមុខ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖ ទូរស័ព្ទលេខ៖ 078 690 222/ 070 690 222/ 090 690 222.