(ភ្នំពេញ)៖ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿង (មាស ១ និងសំរឹទ្ធ ១) នៅក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) នៅប្រទេសម៉ុងហ្គោលី ។

ថ្លែងពីទីក្រុង Ulaanbaatar លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៧ ខែកញ្ញានេះ បេសកកម្មរបស់ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា គឺបានបញ្ចប់ហើយ ដោយទទួលបានមេដាយ ២គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង ដណ្ដើមបានដោយលើវិញ្ញាសា Senors Trio (សម្ដែងក្រុមនារី) ដោយកីឡាការិនី ស៊ីវ ចន្ថា, ណេម សុខហេង និង ឌឹម អ៊នធីតា និងមេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានលើវិញ្ញាសាឯកត្ដជននារី ដោយកីឡាការិនី សួស ស្រីពៅ ។

គួរដឹងថា កាលពីសប្ដាហ៍កន្លងទៅ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ១១នាក់ ទៅចូលរួមប្រកួតជើងឯកអាស៊ីខាងលើ ដែលមានអត្តពលិកចូលរួមសរុប ១៤ប្រទេស ។ នេះគឺជាព្រឹត្តិការណ៍អន្ដរជាតិដំបូង ដែលកីឡាកាយសម្ព័ន្ធកម្ពុជា បានចូលរួមប្រកួត ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ក្រោមការយកចិត្តទុកដាក់របស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធ ដើម្បីសម្រួចគុណផលកីឡាកម្រិតខ្ពស់ដល់កីឡាករ-កីឡាការិនីរបស់ខ្លួន ឆ្ពោះទៅការប្រកួតអន្ដរជាតិនានា ដូចជាស៊ីហ្គេម លើកទី៣៣ នៅថៃជាដើម ៕