(ភ្នំពេញ)៖ ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ភូមិកីឡា នៃទីក្រុង Hangzhou ហើយ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញានេះ ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ ឆ្នាំ២០២២ ដែលត្រូវលើកមករៀបចំចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ឆាប់ៗខាងមុខ ។

នេះគឺជាលើកដំបូង ដែលក្រុមបាល់ទះបុរសកម្ពុជា ត្រូវបង្ហាញខ្លួនជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីនេះ បន្ទាប់ពីខកខានអស់រយៈពេល ៥៣ឆ្នាំ ដ្បិតការប្រកួតលើកចុងក្រោយ ក្រុមបាល់ទះបុរសកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នា១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ ។

គួរដឹងថា ក្នុងបេសកកម្ម នៃការប្រកួតកីឡាអាស៊ីលើកនេះ ក្រុមបាល់ទះបុរសកម្ពុជា ដែលទើបដណ្ដើមបានមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ គឺស្ថិតក្នុងពូលC ជាមួយឥណ្ឌា និងកូរ៉េខាងត្បូង ។

ចំពោះកម្មវិធីប្រកួតរបស់ក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌាមុនគេ នាថ្ងៃទី១៩ ខែកញ្ញា នៅទីលាន China Textile City Sports Centre Gymnasium មុនបន្ដជួបក្រុមខ្លាំងកូរ៉េខាងត្បូង នាថ្ងៃទី២១ ខែកញ្ញា នៅទីលាន Linping Sports Centre Gymnasium ។

សូមរំឮកថា ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ ដែលចិនធ្វើម្ចាស់ផ្ទះនេះ កម្ពុជា បានត្រៀមបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាចូលរួមប្រកួត ខណៈក្រៅពីកីឡាបាល់ទះ ដែលធ្វើដំណើរទៅដល់ភូមិកីឡា នៃទីក្រុង Hangzhou មុនគេ គឺមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ដែលនឹងធ្វើដំណើរជាបន្ដបន្ទាប់ ។

ប៉ុន្ដែដោយសារកីឡាមួយចំនួន កំពុងបោះជំរំហ្វឹកហាត់ នៅប្រទេសចិន ក្រោមជំនួយអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន សម្រាប់កីឡាករ-កីឡាការិនី មានឈ្មោះចូលរួមប្រកួតកីឡាអាស៊ី នឹងធ្វើដំណើរទៅទីក្រុង Hangzhou ដើម្បីត្រៀមការប្រកួតតែម្ដង គ្រាដែលប្រតិភូ និងអត្តពលិកភាគច្រើន ត្រូវចាកចេញពីកម្ពុជា ពិសេសនៅថ្ងៃទី២០ ខែកញ្ញា ដែលនឹងមានការចេញដំណើរទ្រង់ទ្រាយធំ ក្រោមការដឹកនាំរបស់ប្រធានប្រតិភូ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ៕