(ភ្នំពេញ)៖ សាលាអន្ដរជាតិ ជីងម៉ីហ័រ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបិទឆ្នាំសិក្សា ២០២២-២០២៣ និងប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរ ជូនដល់សិស្សានុសិស្ស។

ក្នុងឱកាសនោះ លោក សាន់ រ៉ាមូ អគ្គនាយកសាលាអន្ដរជាតិ ជីងម៉ីហ័រ បានថ្លែងថា «ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចកី្តសោមនស្សរីករាយជាទីបំផុត ដែលបានមកជួបជុំបុគ្គលិក លោកគ្រូ អ្នកគ្រូគ្រប់ផ្នែកទាំងអស់ នៃសាលាអន្តរជាតិ ជីងម៉ីហ័រ នាឱកាសនៃពីធីបិទឆ្នាំសិក្សា ២០២២-២០២៣»។

លោក សាន់ រ៉ាមូ បានលើកឡើងថា សាលាអន្តរជាតិ ជីងម៉ីហ័រ បច្ចុប្បន្នសាលាកំពុងដំណើរការ ថ្នាក់ចំណេះទូទៅ៣ភាសា ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៨ ដោយប្រើប្រាស់កម្មវិធីស្របតាមក្រសួងអប់រំ យុវជន និងកីឡា និងចំណេះទូទៅភាសាអង់គ្លេស ចិន តាមស្តង់ដាកម្មវិធីអន្តរជាតិ។

ជាមួយគ្នានេះ អគ្គនាយកសាលាអន្ដរជាតិ ជីងម៉ីហ័រ មានសេចកី្តសង្ឃឹមជឿជាក់ថា ក្រោយពីធីបិទឆ្នាំសិក្សា និងការកំសាន្តសប្បាយថ្ងៃនេះ បុគ្គលិក លោកគ្រូ អ្នកគ្រូ ទាំងអស់ពិតជានឹងបន្តកិច្ចខិតខំប្រឹងប្រែង ដ៏មានតំលៃរបស់ខ្លួនដើម្បីផ្តល់ នូវពុទ្ធិពិតប្រាកដ ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស។

លោក សាន់ រ៉ាមូ ក៏សូមផ្តាំផ្ញើឲ្យប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រឲ្យខ្លាំងក្លាបំផុតដើម្បីក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ នាពេលអនាគតផងដែរ។

គូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ការសិក្សា ប្រកបដោយគុណភាព ប្រសិទ្ធភាព សាលាអន្តរជាតិ ជីងម៉ីហ័រ បានកំណត់គោលដៅ៖

១៖ សាលានឹងបញ្ចូលកម្មវិធីសិក្សាឲ្យកាន់តែសម្បូរបែប និងពង្រឹងការងារបច្ចេកទេស ដោយការគ្រប់គ្រងល្អ ការបង្រៀនល្អ ការរៀនល្អ ស្របតាមបាវចនារបស់សាលា គឺចំណេះដឹង
សីលធម៌ គុណធម៌ វិន័យ និងសេចក្តីថ្លៃថ្នូរ។
២៖ សាលានឹងបញ្ចូលកម្មវិធីបំណិនជីវិត និងសកម្មភាពសិក្សាស្រាវជ្រាវ ឲ្យបានទូលំទូលាយ
៣៖ បង្កើតកម្មវិធីកីឡាច្រើនប្រភេទ សម្រាប់សិស្សានុសិស្សជ្រើសរើស
៤៖ បញ្ចូលកម្មវិធីប្រកួតប្រជែងប្រចាំឆ្នាំ របស់សិស្សានុសិស្សឲ្យបានច្រើន
៥៖ បំពាក់សម្ភារៈបរិក្ខារ តាមបន្ទប់ ឲ្យបានទំនើប និងប្រព័ន្ធ Internet ប្រើប្រាស់សម្រាប់លោកគូ្រ អ្នកគ្រូ ក្នុងការស្រាវជ្រាវបង្ហាត់បង្រៀន
៦៖ អភិវឌ្ឍន៍ មធ្យោបាយដឹកជញ្ជូន ដើម្បីសុខុមាលភាពរបស់សិស្សានុសិស្ស
៧៖ អភិវឌ្ឍន៍សាលារៀន ឲ្យទៅជាសាលាកុមារមេតី្រ
៨៖ បង្កើនទំនាក់ទំនងរវាងសាលា ជាមួយអាណាព្យាបាលសិស្ស ឲ្យបានជិតស្និទ្ធបំផុត និងឆាប់រហ័ស។

សាលាអន្ដរជាតិ ជីងម៉ីហ័រ បានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ និងមានទីតាំងចំនួន២ អាគារនៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕