(ភ្នំពេញ)៖ គ្រប់គ្នាដែលបានឃើញ Live ឬវីដេអូរបស់អ្នកនាង Pich Pich Shop ម្ចាស់ហាងលក់ម៉ូតូប្រាក់សម្បត្តិ គឺពិបាកនឹងអូសរំលងខ្លាំងណាស់ ដោយសារតែទេពកោសល្យ វោហាស័ព្ទចាក់ទឹកមិនលិច និងភាពប៉ិនប្រសប់ក្នុងការរៀបចំឈុតឆាក និងសេណារីយ៉ូ ទាក់ភ្នែកមហាជន។ ត្រឹមតែមួយប៉ប្រិចភ្នែក អ្នកនាង Pich Pich Shop បានក្លាយជាតារាអនឡាញដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា។ រាល់ការ Live របស់អ្នកនាង Pich Pich Shop ម្តងៗ មានអ្នកចូលមើលទស្សនាភ្លូកទឹកភ្លូកដី គិតជាមធ្យមចន្លោះពី 200K-300K ហើយចំណែកឯវីដេអូខ្លីបវិញផ្ទុះការគាំទ្ររហូតដល់រាប់លានឯណោះ។ បើក្រឡេកមកមើលទំព័រហ្វេសប៊ុករបស់អ្នកនាង Pich Pich Shop មានអ្នកចុចតាមដាន 1M និងតិកតុកវិញមានតាមដានរហូតដល់ 668K និងអ្នកចុចឡាយ 6.6M។

ប្រជាប្រិយភាពរបស់អ្នកនាង Pich Pich Shop ជាពិសេសស្ទីលនៃការ Live ត្រូវបានគេចែកចាយជាបន្តបន្ទាប់ រហូតដល់មានអ្នកខ្លះក៏កូពី ឬធ្វើត្រាប់តាមផងដែរ រហូតដល់ល្បីល្បាយសុះសាយ ពេញបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក។ អ្នកនាង Pich Pich Shop ជាសហគ្រិនវ័យក្មេងមួយរូបទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងច្រើន តាមរយៈការ Live លក់ម៉ូតូ និងវីដេអូបែបអប់រំ កំប្លែងខ្លីៗផងដែរ។

អ្នកនាង Pich Pich Shop បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា អ្នកនាងគឺជាអ្នករកស៊ីលក់ម៉ូតូមួយរូប ក៏ចេះតែខិតខំត្រិះរិះ រកគំនិតច្នៃប្រឌិតថ្មីៗ ប្លែកៗ និងកម្សាន្តអារម្មណ៍ ដើម្បីទាក់ទាញអ្នកទស្សនា អតិថិជនឲ្យបានច្រើន ដូច្នេះអ្នកនាងក៏ចាប់ផ្តើម Live ឡង់សេម៉ូតូជាមួយនឹងតារាម៉ូដែលទាំងស្រីទាំងប្រុស ដោយមានអ្នកនាងដើរតួជាពិធីការិនី និងប្អូនស្រីបង្កើតរបស់អ្នកនាងជាអ្នកបន្ទោរសំឡេងពីក្រោយ ស្រាប់តែផ្ទុះការគាំទ្រសឹងមិនគួរឲ្យជឿទាល់តែសោះ។

អ្នកនាង Pich Pich Shop បន្ថែមថា «គ្រាន់តែគិត ឬក៏ស្រមៃក៏មិនហ៊ានផង! ប៉ុន្តែឥឡូវសុបិន្តក្លាយជាការពិត ដោយសាររាល់ការ Live និងវីដេអូដែល ខ្ញុំបង្ហោះទៅមានអ្នកចូលទស្សនារាប់ពាន់ រាប់ម៉ឺន និងជូនកាលរាប់លានក៏មាន។ ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯង រហូតខ្ញុំត្រូវបានក្រុមហ៊ុនទាក់ទងឲ្យផ្សព្វផ្សាយផលិតផល ក៏ដូចជាមានប៉ុស្តិ៍ទូរទស្សន៍នានាទាក់ទង ឬអញ្ជើញនាងខ្ញុំឲ្យសម្តែង និង ផ្តល់បទសម្ភាសន៍ជាបន្តបន្ទាប់ផងដែរ»

បច្ចុប្បន្ន អាជីវកម្មហាងលក់ម៉ូតូប្រាក់សម្បត្តិ របស់អ្នកនាង Pich Pich Shop កំពុងមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារ និងមានអតិថិជនយ៉ាងច្រើនកុះករតម្រង់ជួរ រង់ចាំទិញម៉ូតូ ទាំងបង់រំលោះ និងបង់ផ្តាច់។ ភាពកាក់កបនៅក្នុងវិស័យជំនួញបានជំរុញឲ្យអ្នកនាង Pich Pich Shop ដែលមានឈ្មោះពិតថា «សាយ គន្ថាណា» អាចផ្តល់ការឱកាសការងារដោយផ្ទាល់ និងប្រយោលដល់បុគ្គលិករាប់រយនាក់ ដែលរាប់បញ្ចូលទាំង តារាម៉ូដែល និងសម្តែងផងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ សន្ទុះនៃការគាំទ្រ អ្នកនាង Pich Pich Shop មានការកើនឡើងគួរឲ្យកត់សម្គាល់ រហូតដល់បច្ចុប្បន្ន អ្នកនាង Pich Pich Shop មានសាខា ហាងលក់ម៉ូតូដល់ទៅ ៣សាខា។

អ្នកនាង Pich Pich Shop បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ជួយដល់សហគមន៍ មនុស្សចាស់ជរា កុមារកំព្រា សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យនានា រហូតទទួលបានគោរមងារជា «ជំទាវ» ទាំងវ័យក្មេងថែមទៀតផង។

គួររំឭកផងដែរ អ្នកនាង Pich Pich Shop តែងតែចូលរួមការងារសប្បុរសធម៌ជាច្រើន នៅក្នុងសង្គមដូចជា ជួយឧបត្តម្ភជូនដល់អ្នកខ្វះខាត កុមារកំព្រារ មន្ទីពេទ្យ សាលារៀន ជនពិការ វិស័យកីឡា និងប្រជាជនដែលខ្សត់ខ្សោយផងដែរ៕