(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែកញ្ញានេះ បានរៀបចំពិធីសម្ពោធតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន និងទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព (Fit ASEAN) ដំបូងគេនៅកម្ពុជា ក្នុងចំណោមបណ្ដាប្រទេស ដែលទទួលបានការឧត្ថម្ភគាំទ្រពីរដ្ឋាភិបាលចិន ក្នុងនាមដៃគូអាស៊ាន ។

ពិធីសម្ពោធនេះ ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជិត ១ពាន់នាក់ ដែលបានចូលរួមអបអរសាទរសមិទ្ធផលថ្មី នៅសួនច្បារព្រះនាងប្រាជ្ញាបារមី នាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍គណៈកម្មការរៀបចំពិធីសម្ពោធខាងលើ បានបញ្ជាក់ថា តំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន បានរៀបចំសាងសង់កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមជំនួយគាំទ្របំពាក់សម្ភារៈរបស់រដ្ឋាភិបាលចិន បន្ទាប់ពីសមាជិកអាស៊ាន កំណត់យកកម្ពុជាមុនគេ ដើម្បីរៀបចំតំបន់ហាត់ប្រាណនេះ មុនបន្ដរៀបចំនៅឥណ្ឌូនេស៊ី ។ ដោយទទួលបានទីតាំងពីរដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការក៏បានអនុវត្តតាមផែនការ រហូតបំពេញសម្ភារៈចប់សព្វគ្រប់ និងរៀបចំសម្ពោធជាផ្លូវការនៅថ្ងៃនេះ។

លោក វ៉ាត់ ចំរើន បានចាត់ទុក នេះគឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់។ ការរៀបចំតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាននេះ ជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដើម្បីលើកកម្ពស់សុខុមាលភាព សុខដុមនីយកម្មរបស់ប្រជាជនអាស៊ាន ពង្រឹងសាមគ្គីភាព និងអភិវឌ្ឍន៍វិស័យកីឡាក្នុងតំបន់ ។

បន្ថែមលើនេះ លោកបានពន្យល់អំពីទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព (Fit ASEAN) គឺជាសកម្មភាពមួយ ដែលគ្រប់ប្រទេសជាសមាជិកអាស៊ាន រៀបចំឡើង ដើម្បីបំផុសឲ្យប្រជាជននៅក្នុងប្រទេសនីមួយៗ បានយល់ដឹងអំពីសារប្រយោជន៍ នៃការហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងជំរុញឲ្យប្រជាជនគ្រប់រូបអនុវត្តការហាត់ប្រាណដើម្បីសុខភាព និងសុខុមាលភាពរបស់ខ្លួន។ តាមរយៈសមិទ្ធផលខាងលើ លោករំពឹងថា ប្រជាពលរដ្ឋកម្ពុជា នឹងចូលរួមហាត់ប្រាណ និងលេងកីឡាកាន់តែច្រើន៕