(មេនឆេស្ទឺ)៖ ខ្សែការពារ Kyle Walker បានសម្រេចចុះហត្ថលេខា លើកិច្ចព្រមព្រៀងបន្តការលេងរយៈពេល ២ឆ្នាំបន្ថែមទៀត ជាមួយក្លិប Manchester City។ នេះបើតាមក្លិបលេងនៅលីគ Premier League បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែការពារស្តាំមានវ័យ ៣៣ឆ្នាំរូបនេះ នឹងផុតកំណត់ នៅពេលចប់រដូវកាលនេះ ស្របពេលដែលមានពាក្យចចាមអារាមជាច្រើមថា រូបគេគ្រោងនឹងផ្លាស់ទៅលេងឲ្យក្លិប Bayern Munich។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយ Man City ក្នុងឆ្នាំ២០១៧ ដោយបានបង្ហាញខ្លួនសរុប ២៦០លើកឲ្យក្លិប, ជួយឲ្យក្លិបឈ្នះពានរង្វាន់ Premier League ចំនួន ៥លើក, FA Cups ចំនួន ២លើក និងពានរង្វាន់ Champions League ផងដែរ៕