(ឡុងដ៍)៖ ក្លិប Everton ដែលស្ថិតនៅលីគ Premier League គ្រោងនឹងទទួលបានម្ចាស់ថ្មី បន្ទាប់ពីលោក Farhad Moshiri បានយល់ព្រមលក់ភាគហ៊ុន ៩៤ភាគរយរបស់លោក ឲ្យទៅក្រុមហ៊ុនអាមេរិក 777 Partners។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ការលក់ចេញនេះ នឹងនាំឲ្យឈានដល់ការបញ្ចប់ ការគ្រប់គ្រងដ៏ច្របូកច្របល់ របស់បុរសសញ្ជាតិអង់គ្លេស-អ៊ីរ៉ង់ Moshiri ដែលបានវិនិយោគដំបូងក្នុងឆ្នាំ២០១៦ ហើយត្រូវបានគេរំពឹងថា នឹងសម្រេចទាំងស្រុង នៅចុងឆ្នាំ២០២៣នេះ ដោយស្នើសុំការអនុម័តពីសំណាក់លីគ Premier League នៃសមាគមបាល់ទាត់ និងអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុ។

ខណៈបើសិននៅពេលម្ចាស់ថ្មីគ្រប់គ្រងក្លិប Everton នោះមានន័យថា នៃពាក់កណ្តាលក្លិបទាំង២០ ដែលលេងនៅលីគកំពូលអង់គ្លេស គឺមានម្ចាស់ជាជនជាតិអាមេរិក។

សូមជម្រាបថា ក្លិប Everton ដែលស្ថិតក្រោមការដឹកនាំដោយលោក Sean Dyche បានកំពុងឈរនៅចំណាត់ថ្នាក់ទី១៨ ក្នុងលីគ Premier League បន្ទាប់ពីរកបានត្រឹមតែ ១ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតនៃចាប់ផ្តើមបើកឆាករដូវកាលថ្មីរបស់ពួកគេ៕